(ភ្នំពេញ)៖ បុណ្យភូមិ គឺជាប្រពៃណីមួយដែលត្រូវបានបណ្ដាប្រជានុរាស្ត្រខ្មែរ អ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាកខាន ក្រោយពេលប្រមូលផលស្រូវរួចរាល់ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗដើម្បីរំឭកគុណដល់ ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនកសិកម្ម មានដំណាំស្រូវជាដើម និងដើម្បីបង្កើតនូវភាពសប្បាយរីករាយ ការជួបជុំ ជាពិសេស ការបង្ហាញនូវ «ផលស្រូវ» ដែលអ្នកភូមិទទួលបានក្នុងឆ្នាំនីមួយៗ។
ក្នុងបរិវេណពិធីបុណ្យ អ្នកភូមិតែងរួមសាមគ្គីជួយគ្នា រៀបចំចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ដាក់ភ្លើងភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ តាមបែបប្រពៃណីខ្មែរ ចូលរួមកម្មវិធី យ៉ាងត្រេកត្រអាល ព្រមទាំងមានការប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង។ ពីធីបុណ្យនេះ ក៏មាននិមន្តព្រះសង្ឃសូត្រមន្តដើម្បី សូមសិរីសួស្ដីជូនដល់ពលរដ្ឋ ក៏ដូចជាសូមការបង្កបង្កើនស្រូវឲ្យបានផលច្រើនរាល់ឆ្នាំ និងក៏មានរាប់បាត្រឆ្លងដែរ។
នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ លោក រ័ត្ន ស្រ៊ាង អមដំណើរ ដោយអជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមការងារ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសាលាបុណ្យភូមិមួយកន្លែង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ជាចំណងដៃ បំពេញនូវសេចក្តីចាំបាច់ របស់អ្នកភូមិព្រែកថ្លឹង ទុកជាកន្លែងរៀបចំប្រារព្ធពិធីបុណ្យភូមិរបស់ខ្លួន ឲ្យបានសមរម្យតាមទំនៀមទម្លាប់ប្រពៃណីប្រចាំឆ្នាំ។
ស្ថិតក្នុងបរិយាកាសជួបជុំដ៏អធឹកអធម លោក រ័ត្ន ស្រ៊ាង បានបន្ថែមនូវមនោសញ្ចេតនាស្និតស្នាលជ្រាលជ្រៅ ដូចដែលលោកធ្លាប់ធ្វើ ជាប់ជាប្រចាំ ជាង១០ឆ្នាំមកហើយ នោះគឺគ្រប់ពេលលោកចុះជួបជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ លោកតែងនាំយកអាហារសម្រន់ ទៅចូលរួមបរិភោគរួមគ្នា ជាមួយប្រជាពលរដ្ឋប្រកបដោយឬកពារសាមញ្ញរុះរាយរាក់ទាក់បំផុត។ ប្រជាពលរដ្ឋអ្នកភូមិព្រែកថ្លឹងប្រមាណ៨៩៨នាក់ ដែលមកចូលរួមក្នុងកម្មវិធីថ្ងៃនេះ បានចូលរួមទទួលទាន ការ៉េម នំប៉័ង ទឹកសុទ្ធ ទឹកអំពៅ ជាមួយលោក រ័ត្ន ស្រ៊ាង និងក្រុមការងារ លាយឡំជាមួយទឹកមុខញញឹមញញែមគ្រប់ៗគ្នា។
ថ្លែងក្នុងពិធីជួបជុំសម្ពោធសមិទ្ធផលថ្មី សម្រាប់អ្នកភូមិព្រែកថ្លឹងមួយនេះ លោក រ័ត្ន ស្រ៊ាង បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើន ភូមិឋានយើងបន្តិចម្តងៗ រហូតរាប់លែងអស់ ដែលកំពុងកើតមានសព្វថ្ងៃនេះ ពុំមែនកើតឡើងដោយចៃដន្យទេ គឺវាកើតឡើងពី សុខសន្តិភាព ដែលរកបានមកដោយលំបាក និងពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរ ជាង៥០០ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះសូមបងប្អូនទាំងអស់ ចូលរួមថែរក្សាសន្តិភាពមួយនេះឲ្យបានល្អ និងបន្តការរួមសាមគ្គី ជួយគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនតទៅមុខ ហើយទន្ទឹមជាមួយគ្នានេះ បងប្អូនក៏ត្រូវប្រឹងប្រែង ថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អ ដើម្បីបន្តរស់នៅឲ្យបានយូរអង្វែង បានឃើញការរីកចម្រើនថ្មីៗ នៃប្រទេសជាតិតទៅទៀត ជាពិសេស បងប្អូនត្រូវចេះធ្វើផែនការសេដ្ឋកិច្ចគ្រួសារ ធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល ដើម្បីឲ្យយើងរួចផុតពីហានិភ័យនៃភាពក្រីក្រ។
ជាចុងក្រោយ លោក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋអ្នកភូមិព្រែកថ្លឹងទាំងអស់ សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កុំបីខាន ដើម្បីបង្ហាញពីការរួមសាមគ្គី បង្រួបបង្រួមជាតិ ឯកភាពជាតិខ្មែរតែមួយ៕