(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិតជំនាញ ឡេ ជឿងចៀន អ្នកឯកទេសវះកាត់ថ្លើម ប្រម៉ាត់ និងលំពែង «មន្ទីរពេទ្យជោរៃភ្នំពេញ» បានអះអាងថា សព្វថ្ងៃនេះជំងឺមហារីកក្បាលលំពែង ជាប្រភេទជំងឺកាចសាហាវម្យ៉ាង បាននិងកំពុងប្រឈមមុខខ្ពស់ ចំពោះអ្នកហូបអាហារមានជាតិគីមីច្រើន និងជំងឺនេះពិសេសកើតឡើងចំពោះមនុស្សចាស់ ដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ។
ការបញ្ជាក់របស់លោក ឡេ ជឿងចៀន ធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មុននឹងលោកធ្វើការវះកាត់អ្នកជំងឺម្នាក់ដែលមានបញ្ហាជំងឺនេះ នៅមន្ទីរពេទ្យជោរៃភ្នំពេញ រួមនឹងលោកវេជ្ជបណ្ឌិតជំនាញៗផ្សេងៗទៀតនៅមន្ទីរពេទ្យនោះផងដែរ។
អ្នកឯកទេសវះកាត់ថ្លើម ប្រម៉ាត់ និងលំពែង មកពីមន្ទីរពេទ្យជោរៃភ្នំពេញ លោក ឡេ ជឿងចៀន បានបញ្ជាក់ថា រោគសញ្ញានៃជំងឺនេះគឺ អ្នកជំងឺអាចមានអាការៈលឿងភ្នែក លឿងស្បែក ជាពិសេសមានអាការៈមិនសូវឃ្លានចំណីអាហារ និងចុកនៅចុងដង្ហើម ហើយចំពោះជំងឺមហារីកក្បាលលំពែងនេះ យើងអាចដឹងថា មានកើតឬអត់តាមរយៈ ការតាមស្កែន និងការពិនិត្យឈាម។
លើកបន្តថា ជំងឺមហារីកក្បាលលំពែង ភាគច្រើនកើតឡើងចំពោះមនុស្សចាស់ ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ហើយជំងឺដ៏សាហាវមួយនេះ កើតឡើងដោយសារការហូបអាហារដែលមានជាតិគីមីច្រើន នាំឲ្យផ្ទុកជាតិគីមីក្នុងខ្លួន។
លោកបន្ថែមទៀតថា «ចំពោះការព្យាបាល គឺគិតតាមអាយុ បើសិនក្នុងករណីអ្នកជំងឺនៅក្មេង ហើយដុំមហារីកមិនទាន់ស្អិតជាប់និងសរសៃឈាម គឺអាចកាត់ទាំងដុំខាងផ្នែកក្បាលលំពែងដើម្បើធ្វើការព្យាបាល ។ ចំពោះករណីអ្នកជំងឺជាមនុស្សចាស់ យើងមិនអាចធ្វើការវះកាត់ទាំងស្រុងដូចក្មេងបានទេ គឺគ្រាន់តែរំដោះទឹកប្រម៉ាត់ឲ្យចេញពីក្នុងថ្លើម ដោយកាត់ពោះវៀនមកតនៅថងប្រម៉ាត់ដើម្បី បណ្ដុះទឹកប្រម៉ាត់ឲ្យអ្នកជំងឺ»។
អ្នកជំនាញមកពីមន្ទីរជោរៃរូបនោះ បានបន្តទៀតថា មន្ទីរពេទ្យជោរៃភ្នំពេញ បានចាប់ផ្តើមពិនិត្យ និងព្យាបាលជំងឺមហារីកក្បាលលំពែងមួយនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ហើយបទពិសោធន៍ច្រើនឆ្នាំមួយនេះ ធ្វើឲ្យអ្នកជំងឺមានសេចក្តីទុកចិត្តសម្រាប់ការព្យាបាលផងដែរ៕