(តាកែវ)៖ តំណាងរាស្ត្រមណ្ឌលតាកែវ លោក សុខ សូកាន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែង៤,១១៥ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងឃុំកំណប់ ស្រុកគិរីវង់ ដើម្បីជួយសម្រួលការធ្វើដំណើរ សំដៅរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។ ផ្លូវ១ខ្សែនេះគឺតភ្ជាប់ពីផ្លូវជាតិលេខ២ ត្រង់ភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ មកភូមិពោធិ៍សង្កែ ឃុំកំណប់។
ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវខាងលើ លោក សុខ សូកាន បានលើកឡើងថា ការបើកការដ្ឋានជួលជុលផ្លូវលំ១ខ្សែនាថ្ងៃនេះ គឺជានិមិត្តរូបនៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំណប់ ក្រោមការដឹកនាំរបស់លោក ប៉ាល់ ចន្ទតារា ដើម្បីចូលរួមចំណែកអភិវឌ្ឍ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឃុំកំណប់ ឱ្យកាន់តែប្រសើរឡើង។ ក្រៅពីផ្លូវមួយខ្សែនេះ ក៏មានសមិទ្ធផល និងស្នាដៃជាច្រើនទៀតរបស់ក្រុមការងារឃុំកំណប់ ដែលខិតខំព្យាយាមជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ដូចជាជួយស្ដារប្រឡាយ ជួយកសាងទំនប់ទឹក ជួសជុលផ្លូវលំ សាលារៀន អនុវិទ្យាល័យ និងមណ្ឌលសុខភាពជាដើម។
លោកបានបញ្ជាក់ថា ស្រុកគិរីវង់ ជាស្រុកកំណើតរបស់សម្តេចវិបុលបញ្ញា សុខ អាន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសម្តេចបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីគ្រប់បែបយ៉ាងដើម្បីបុព្វេហេតុជាតិ និងមាតុភូមិ និងដោះស្រាយបញ្ហាជាតិធំៗជាច្រើន ប្រកបដោយសន្តិសហវិជ្ជមាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសចូលរួមដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ និងកសាងខ្សែក្រវាត់សន្តិភាពតាមសន្តិវិធី ដោយដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាគុណតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិខ្មែរ និងមនុស្សជាតិទាំងមូល។
សម្រាប់អ្នកស្រុកគិរីវង់វិញ សម្តេចវិបុលបញ្ញា សុខ អាន បានបន្សល់ទុកនូវមរតកដ៏ថ្លៃថ្លាជាច្រើន ហើយក្នុងចំណោមមរតកទាំងនោះ មានកម្មវិធី២ដែលបានជួយសម្រួល ដល់ជីវភាពរបស់នៅរបស់ប្រជាជនស្រុកគិរីវង់ឱ្យកាន់តែប្រសើរឡើង នោះគឺសហគមន៍កសិកម្មស្រុកគិរីវង់ និងសមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ ដែលកម្មវិធីទាំងពីរនេះបាននិងកំពុងតែទទួលផលជាផ្លែផ្កា ជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់ប្រជាកសិករ និងលោកគ្រូ-អ្នកគ្រូនៅទូទាំងស្រុកគិរីវង់។
លោក សុខ សូកាន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំដំណើរការកសាងជាតិប្រកបដោយភាពជោគជ័យ។ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេច កម្ពុជារក្សាបាននូវសន្តិភាពពេញលេញ និងបានស្ដារសេដ្ឋកិច្ចជាតិចេញផុតពីការហ៊ុព័ទ្ធសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយនឹងឆ្ពោះទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
អ្នកតំណាងរាស្ត្រក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនានៃប្រទេសរបស់ខ្លួន និងដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ និងប្រជាធិបតេយ្យ។
ក្រោយពីបានសំណេះសំណាល លោក សុខ សូកាន និងលោក ប៉ាល់ ចន្ទតារា ក៏បាននាំមកជូនប្រជាពលរដ្ឋ និងអ្នកចូលរួមនូវសំពត់សឹងម្នាក់១សំពត់ និងថវិកាឧបត្ថម្ភមួយចំនួន។ ទន្ទឹមនឹងនោះ លោកបានទទួល និងដោះស្រាយនូវសំណូមពរស្នើសុំជួសជុលសាលាបឋមសិក្សាពោធិ៍សង្កែ បឋមសិក្សា និងអនុវិទ្យាល័យសុខអានវត្តអង្គផងដែរ៕