(រតនគិរី)៖ ខេត្តរតនគិរី មិនមែនមានតែបឹងយក្សឡោមដែលលោកអ្នកធ្លាប់បានឮ និងឃើញនោះទេ ពោលគឺខេត្តនេះសម្បូរទៅសម្បត្តិធម្មជាតិ និងវប្បធម៌ជាច្រើនទៀត ដែលសុទ្ធសឹងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញបំផុត ប៉ុន្តែភ្ញៀវទេសចរប្រាកដជាឆ្ងល់ណាស់ថា តំបន់ទេសចរណ៍ទាំងនោះនៅកន្លែងណា ហើយធ្វើដូចម្ដេចទើបបានទៅដល់? កុំព្រួយបារម្ភឱ្យសោះ ទាំងអស់នេះនឹងត្រូវបានបកស្រាយ និងបំពេញតាមតម្រូវការយ៉ាងពេញចិត្តពីសណ្ឋាគារទែរូ។
សណ្ឋាគារទែរូ មានទីតាំងស្ថិតនៅខាងកើតបឹងកន្សែង ដែលជាបេះដូងនៃក្រុងបានលុង។ សណ្ឋាគារនេះ ត្រូវបានបង្កើតឡើងរយៈពេលជាង២០ឆ្នាំមកហើយ ហើយនៅទីនោះមានការតុបតែងយ៉ាងល្អវិចិត្រតាមក្បូរក្បាច់រចនាបទខ្មែរ និងតាមបែបជនជាតិភាគតិចនៃតំបន់ភូមិភាគឦសាននេះ។
បន្ទប់ស្នាក់នៅធំទូលាយមែនទែន រីឯការតុបតែងសំណង់នានា និងគ្រឿងសង្ហារឹមនោះទៀតសោត ក៏បានរំលេចនូវរចនាបទខ្មែរគួរឱ្យទាក់ទាញផងដែរ។ ហើយអ្វីដែលពិសេស គ្រប់ភ្ញៀវទេសចរដែលស្នាក់នៅក្នុងសណ្ឋាគារទែរូនេះ នឹងបានទទួលទានអាហាររបស់ជនជាតិដើមភាគតិចយ៉ាងឈ្ងុយឆ្ងាញ់ជាក់ជាមិនខាន។
ក្នុងកិច្ចសម្ភាសជាមួយក្រុម «មែកសឺដេស និងកំណប់អាថ៌កំបាំង» លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូនេះ បានឱ្យដឹងថា សណ្ឋាគារនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដែលពេលនោះខេត្តរតនគិរីមិនសូវមានសណ្ឋាគារ ហើយក៏សូវមានភ្ញៀវទេសចរមកទស្សនាច្រើនប៉ុន្មានដែរ ប៉ុន្តែដោយសារវិស័យទេសចរណ៍មានការអភិវឌ្ឍ ខេត្តរតនគិរីត្រូវបានភ្ញៀវទេសចរស្គាល់ច្រើន និងបានទៅទស្សនាយ៉ាងកុះករ។
ម្ចាស់សណ្ឋាគារដ៏មានទឹកចិត្តរូបនេះបានបន្តថា ក្នុងសណ្ឋាគារទែរូមានបន្ទប់ចំនួន ២៦បន្ទប់ សម្រាប់បម្រើសេវាកម្មជូនភ្ញៀវដែលមកស្នាក់នៅ។ ថ្វីដ្បិតតែក្នុងសណ្ឋាគារបន្ទប់តិចមែន ប៉ុន្តែលោកស្រីបានយកចិត្តទុកដាក់ផ្តោតលើការពង្រឹងសេវាកម្មជូនភ្ញៀវ ព្រមទាំងបានរំលេចនូវក្បូរក្បាច់រចនាយ៉ាងល្អល្អះ ដែលភាគច្រើនតាមបែបប្រពៃណីខ្មែរ និងជនជាតិដើមភាគតិច។
លោកស្រីបានបញ្ជាក់ថា នៅក្នុងសណ្ឋាគារទែរូ មិនត្រឹមតែទទួលបានសេវាកម្មស្នាក់នៅដ៏ពេញចិត្តប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏អាចទទួលទានអាហារខ្មែរ អឺរ៉ុប ថៃ ឡាវ ពិសេសគឺអាហារតាមបែបជនជាតិភាគតិចយ៉ាងឈ្ងុយឆ្ងាញ់។ ក្រៅពីនេះ សណ្ឋាគារក៏មានផ្ដល់ជូននូវសេវាកម្មជូនភ្ញៀវទេសចរ ដើរទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍នានា នៅទូទាំងខេត្តរតនគិរីផងដែរ។
សូមទស្សនាកិច្ចសម្ភាសរវាងក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» ជាមួយលោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ៖