(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានផ្សព្វផ្សាយ កុំឱ្យប្រជាពលរដ្ឋ ជឿចំពោះការចែកចាយតាមបណ្តាញសង្គម Facebook នាថ្មីៗនេះដែលថា មានក្រុមរដ្ឋឥស្លាម (ISIS) កំពុងដើរចាក់បញ្ចូលមេរោគអេដស៍ ដល់ប្រជាពលរដ្ឋ នៅតាមផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជា។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ការផ្សព្វផ្សាយនោះ គឺជារឿងមិនពិតទាល់តែសោះ ហើយនគរបាលជាតិ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ប្រញាប់រាយការណ៍មក អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការ លើអ្នកបំផុសបំផុលរឿងរ៉ាវក្លែងក្លាយនេះ។
ប្រតិកម្មរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានដែលបានបង្ហោះតាមបណ្តាញសង្គម Facebook ដើម្បីបំភាន់ដល់ប្រជាពលរដ្ឋខ្មែរ។
ខ្លឹមសារបោកប្រាស់នោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមប្រុងប្រយ័ត្ន....ប្រសិនបើនរណាម្នាក់មកគោះទ្វារផ្ទះរបស់អ្នក ហើយនិយាយថា យើងមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រចង់សាកល្បងជាតិស្ករក្នុងឈាមរបស់អ្នកដោយ ឥតគីតថ្លៃនោះ សូមលោកអ្នកកុំផ្តល់ការអនុញ្ញាតឱ្យគេធ្វើតេស្តឱ្យសោះ។ សូមហៅទូរស័ព្ទទៅកាន់ប៉ូលីសភ្លាមៗ។ ពួកគេគឺជាភេរវកម្ម I.S.I.S ពួកគេគឺដើម្បីចាក់ H.I.V មេរោគអេដស៍ចូលទៅក្នុងឈាមរបស់លោកអ្នក។ សូមចែករំលែកព័ត៌មាននេះ ទៅមិត្តភក្ភិ និងសាច់ញាតិរបស់លោកអ្នក។ សូមអរគុណពីប៉ូលីស»។
សូមបញ្ជាក់ថា ព័ត៌មាននេះត្រូវបានគេបង្ហោះនៅតាមបណ្តាប្រទេសផ្សេងៗ ហើយបច្ចុប្បន្នបានហូរចូលមកដល់ប្រទេសកម្ពុជា ក៏ប៉ុន្តែព័ត៌មាននេះ គឺវាមិនពិតនោះទេ វាជាព័ត៌មានក្លែងក្លាយ៕