(ភ្នំពេញ)៖ ក្រុមហ៊ុន OTK Royal One ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានចាប់ផ្តើមបើកការិយាល័យលក់ហើយ នូវគម្រោងអគារពាណិជ្ជកម្មកម្ពស់៦៨ជាន់ នៅកណ្តាលរាជធានីភ្នំពេញ។
នៅក្នុងពិធីបើកការិយាល័យលក់ អគារពាណិជ្ជកម្ម Royal One នេះ រៀបចំឡើងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរ ចំពោះអ្នកឧកញ៉ា គិត ធាង និង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានជំនឿទុកចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលនៃកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដោយបានសម្រេចចិត្តបណ្តាក់ទុន វិនិយោគសាងសង់ អគារពាណិជ្ជកម្មនេះ ដែលមានទីតាំងនៅដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែងនឹងមហាវិថីមុនីវង្ស ដោយមានរចនាបទយ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗផងដែរ។
ឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One បានបញ្ជាក់ថា គម្រោងអាគារពាណិជ្ជកម្ម Royal One គឺជាការវិនិយោគ រួមគ្នារវាងក្រុមហ៊ុន OTK Royal One និងក្រុមហ៊ុនសំណង់ចិន Huashi Group ដែលចំណាយទុនវិនិយោគ ដល់ទៅ២៦០លាន ដុល្លារអាមេរិក។
ឧកញ៉ាបន្តថា អគារពាណិជ្ជកម្មដ៏ប្រណិតនេះ និងលេចចេញជារូបរាង ដោយមានផ្នែកផ្សេងៗដូចជា សណ្ឋាគារ ខុនដូ ស្នាក់នៅ និងផ្សារទំនើបជាដើម ហើយការសាងសង់ត្រូវប្រើរយៈពេលរហូតដល់៣ឆ្នាំ ហើយអាគារពាណិជ្ជកម្មថ្មីនេះ នឹងក្លាយជាអគារកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា ហើយក៏នឹងចូលរួមចំណែកដល់ ការលើកមុខមាត់ប្រទេសកម្ពុជា៕