Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល ចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជិត៥០០គ្រួសារ នៅស្រុកស្ទោង, ថ្ងៃនេះអាជ្ញាធរខេត្តកំពង់ធំ និងមន្រ្តីជំនាញ ចុះទៅប្រគល់ជូនផ្ទាល់ដៃ ក្រោមស្នាមញញឹមយ៉ាងពព្រាយ

25-06-2018 15:54

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៩៩៩បណ្ណ ស្មើនឹង ៤៩១គ្រួសារ ដែលរាជរដ្ឋាភិបាលទើបនឹងផលិតរួច ជូនប្រជាពលរដ្ឋ នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានឲ្យដឹងថា «មុននឹងចេញបណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវបណ្ណកម្មសិទ្ធជាផ្លូវការ»

ទន្ទឹមនឹងនេះ លោក សុខ លូ បានថ្លែងថា បណ្ណកម្មសិទ្ធិនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាពលរដ្ឋ សម្រាប់ការកាន់កាប់ដីធ្លីដោយស្របច្បាប់។ លោកបានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពិចារណាឲ្យបានម៉ត់ចត់ ក្នុងការយកបណ្ណកម្មសិទ្ឋិនេះទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ ។ ក្នុងនោះផងដែរ លោកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានទទួលបណ្ណកម្មសិទ្ធិនេះ សូមកុំលក់ព្រោះវាជាអាយុជីវិត និងទុកសម្រាប់បែងចែកដី ឲ្យកូនចៅនៅថ្ងៃក្រោយៗទៀត។

លោក សុខ លូ បានបញ្ជាក់ឲ្យដឹងដែរថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ទទួលបាននូវបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។

ចុងក្រោយ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោត មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំណា ដែលខ្លួនពេញចិត្ត ដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពជឿនលឿនបន្តទៀត៕