(ភ្នំពេញ)៖ លោកបណ្ឌិត អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានបង្ហាញពីការសាទរចំពោះ ប្រទេសកម្ពុជា ក្នុងការងារគ្រប់គ្រងបរិស្ថាន កន្លងមក។ ការបង្ហាញការសាទរនេះ បានធ្វើឡើង នៅក្នុងជំនួបជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
លោក អេរីច សូលហេម បានបង្ហាញពីទំនុកចិត្តថែមទៀត ដល់ការអនុវត្តរបស់កម្ពុជា លើកិច្ចព្រមព្រាង និងគោលនយោបាយបរិស្ថាន ស្របទៅនឹងនិនាការអនុវត្តន៍ការងារបរិស្ថានក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះដែរ លោកបានកោតសរសើរកម្ពុជា និងបានវាយតម្លៃខ្ពស់ការងាររបស់ក្រសួងបរិស្ថាន លើការងារកែទម្រង់ក្នុងវិស័យបរិស្ថាន ដែលក្នុងនោះ ការប្តេជ្ញាចិត្តរបស់កម្ព្ពុជា ក្នុងការពង្រឹងការងារពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។
លោកលើកទឹកចិត្តផងដែរ ឱ្យកម្ពុជាបន្តអនុវត្តន៍ការងារមួយចំនួន ជាពិសេសការអភិវឌ្ឍនានា គិតគូលើថាមពលកកើតឡើងវិញ ការគ្រប់គ្រងលើផលិតផលប្លាស្ទិក ការគិតគូលើគោលការណ៍កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការកែឆ្នៃ ប្រប្រាស់ឡើងវិញ ផលិតផលប្លាស្ទិក។ លោកបានស្មើឱ្យ កម្ពុជាពង្រឹងថែមទៀត ការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាអំណោយផលដល់ ទេសចរណ៍ធម្មជាតិ ក៏ដូចជាជាចំណូល សម្រាប់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិទាំងនោះ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងពីវឌ្ឍនភាពការងាររបស់កម្ពុជា ជាពិសេសអាណត្តិកន្លងទៅនេះ ពាក់ព័ន្ធទៅនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាព ក៏ដូចជាការធ្វើទំនើបកម្មរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះ លោក សាយ សំអាល់ បានលើកឡើងថា ក្នុងនាមប្រទេសកម្ពុជា ជាប្រទេសសមាជិកអង្គការសហប្រជាជាតិមួយដែរនោះ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងស្អិតរមួតជាមួយអង្គការសហប្រជាជាតិ ដើម្បីអនុវត្តនូវកិច្ចព្រមព្រៀងនានា ជាមួយអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ ក៏បានលើកឡើងឱ្យមានការទុកចិត្តនូវការអនុវត្តរបស់កម្ពុជា ក៏ដូចជាការទទួលខុសត្រូវរបស់កម្ពុជា ដូចជាការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាក់ទងនឹងថង់ប្លាស្ទិក បំរែបំរួលអាកាសធាតុ និងការអភិរក្សជីវៈចម្រុះ។
សូមបញ្ជាក់ថា បន្ទាប់ពីការជួបសម្តែងការគួរសមជាមួយ លោករដ្ឋមន្រ្តី សាយ សំអាល់ រួចមក នៅថ្ងៃដដែល លោកបណ្ឌិត អេរីច សូលហេម (Erik Solheim) បានដឹកនាំគណប្រតិភូជួបប្រជុំជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីពង្រឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ៕