(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជារដ្ឋមន្ត្រីបានកែប្រែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបរយៈពេល ៤ឆ្នាំមកនេះ បានថ្លែងដោយសង្ឃឹមថា សិស្សដែលជាប់និទ្ទេស A នឹងកើនឡើងពីជាង ៤០០នាក់ ទៅជាង៥០០នាក់ នៅក្នុងឆ្នាំនេះ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «នៅឆ្នាំនេះយើងនឹងប្រឡងបាក់ឌុប នៅថ្ងៃទី២០ ខែសីហា តាមការគ្រោងទុកក្រោយថ្ងៃបោះឆ្នោត។ ក្រសួងក៏បានត្រៀមរួចហើយ ដើម្បីជួយសិស្សប្រឡង ទីមួយក្រសួងបានស្នើសុំឲ្យមានការបំប៉នបន្ថែម ទន្ទឹមនឹងមានការបំប៉ន យើងបានរៀបចំមេរៀនខ្លីៗ ក៏ដូចជាលំហាត់សម្រាប់វិញ្ញាសារសំខាន់ៗចំនួន៦ មានគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែរ ជាដើម។ យើងបានបោះពុម្ភចែកឲ្យសិស្ស ហើយយើងបានដាក់នៅលើ Facebook ក្រសួងហើយបានរៀបចំនូវលំហាត់ដាក់នៅលើ គេហទំព័ររបស់ក្រសួង App លើទូរស័ព្ទដៃដើម្បីជួយសិស្ស ដែលសិស្សអាចមើល និងទាញយកទៅប្រើប្រាស់»។
លោក ហង់ ជួនណារ៉ុន បានបន្តថា «អញ្ចឹងនៅថ្ងៃទី៥ ខាងមុខនេះ យើងនឹងកំណត់ថា មុខវិជ្ជាចំនួនប៉ុន្មានដែលត្រូវប្រឡង ហើយបន្ទាប់មកទៀតយើងនឹងអនុវត្តន៍ត្រៀម ការប្រឡងតាមស្តង់ដារ ឲ្យបានខ្ពស់ដដែល ហើយយើងឃើញថា ក្នុងរយៈពេល៤ឆ្នាំនេះគឺ កម្រិតចំណេះដឹងរបស់សិស្សបានកើនឡើង ហើយសង្ឃឹមថា សិស្សដែលជាប់និទ្ទេស A នឹងកើនឡើងពី៤០០ ទៅ៥០០នាក់ នៅក្នុងឆ្នាំនេះ។ យើងលើកទឹកចិត្តឲ្យបំប៉នទូទាំងប្រទេសតាមខេត្ត ទី២យើងបានបង្កើតក្លឹបសិក្សាតាមមុខវិជ្ជានៅតាមវិទ្យាល័យ អញ្ចឹងមានរូបភាពផ្សេងៗគ្នា ទាំងបង្កើតក្លឹបសិក្សា ទាំងចែកសៀវភៅខ្លីៗ គេហទំព័រ និងApp ជាដើម»។
បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ សិស្សដែលនឹងប្រឡងបាក់ឌុប នៅឆ្នាំ២០១៨នេះ មានការកើនឡើងដល់ជាង ១០០,០០០នាក់ ខណៈមណ្ឌលប្រឡងកើនឡើងជិត ២០មណ្ឌល។ លោកបញ្ជាក់ថា ការកើនឡើងនេះ ដោយសារតួរលេខនៃបេក្ខជនប្រឡងស្វ័យរិន កើនឡើងប្រហែលជាជិត ១០,០០០នាក់។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ ឆ្នាំ២០១៧ មានសិស្សជាប់និទ្ទេស A៖ ៤២៤នាក់ ក្នុងចំណោមបេក្ខជន ៦៣ ៦៦៨នាក់។ ក្នុងនោះ អ្នកជាប់និទ្ទេស A មកពីរាជធានីភ្នំពេញ ១៩៤នាក់ សៀមរាប ៤៧នាក់ កណ្តាល ២៦នាក់ បាត់ដំបង ២៣នាក់ កំពត ២១នាក់ កំពង់ចាម ២០នាក់ ព្រៃវែង ១២នាក់ បន្ទាយមានជ័យ ១២នាក់ កំពង់ឆ្នាំង ១២នាក់ ព្រះសីហនុ ៩នាក់ កំពង់ធំ ៩នាក់ តាកែវ ៨នាក់ ត្បូងឃ្មុំ ៧នាក់ ពោធិ៍សាត់ ៦នាក់ ក្រចេះ ៦នាក់ ស្វាយរៀង ៥នាក់ ព្រះវិហារ ២នាក់ កែប ២នាក់ កំពង់ស្ពឺ ១នាក់ ប៉ៃលិន ១នាក់ និងកោះកុង ១នាក់។
ក្រៅពីអ្នកជាប់និទ្ទេស A នោះដែរ ក៏មានអ្នកជាប់និទ្ទេស B៖ ចំនួន ២៤៦៤នាក់, និទ្ទេស C៖ ចំនួន ៥០០០នាក់, និទ្ទេស D៖ ចំនួន ៩១២៣នាក់ និងនិទ្ទេស E៖ ចំនួន ៤៦៦៥៧នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ កាលពីឆ្នាំ២០១៧៕