(ត្បូងឃ្មុំ)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ និងស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមធ្វើជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៤,០០០នាក់ ដែលបានអញ្ជើញមកពីឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្នុងថ្លែងក្នុងឱកាសនោះ លោក វេង សាខុន បានថ្លែងអំណរគុណ ជូនចំពោះប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំសេដា និងសហការរី ដែលបានខិតខំយកចិត្តទុកដាក់ លះបង់កម្លាំងកាយ ចិត្តនិងថវិកាផ្ទាល់ខ្លួន ដើម្បីជួយអភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចំរើន ពិសេសបានអនុវត្តនយោបាយ ក៣ (កើត ការ និងការមរណៈ) បានយ៉ាងទូលំទូលាយនិងមាន ប្រសិទ្ធភាព។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះប្រជាពលរដ្ឋឃុំសេដា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក។
លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែខិតខំគិតគូ រិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាជីវភាព រំលែកទុក្ខលំបាក នាំមកនូវភាពសុខសាន្ត និងសេចក្តីសុខ ក្នុងគ្រួសារជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងបានជូនពរឲ្យបងប្អូនទាំងអស់ ជួបតែពុទ្ធិពរទាំង ៤ប្រការ។
នាឱកាសនេះ លោក វេង សាខុន បានលើកយកមកជម្រាបជូន បងប្អូនប្រជាពលរដ្ឋនូវសារសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១៖ សម្តេចបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីផ្សះផ្សាជាតិ ឈានទៅបញ្ចប់សង្គ្រាមក្នុងស្រុក ស្វែងរកសន្តិភាពជូន ជាតិមាតុភូមិ។
២៖ គោលនយោបាយ ឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិទទួល បាននូវសុខសន្តិភាព និងការអភិវឌ្ឍទូទាំងផ្ទៃប្រទេស ពិសេសវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលជាង២០ឆ្នាំ កន្លងទៅនេះ។
៣៖ លើកកំពស់កំរិតជីវភាព ជំរុញកំណើនសេដ្ឋកិច្ចតាម រយៈយុទ្ធសាស្រ្តអភិវឌ្ឍវិស័យឧស្សាហកម្មកាត់ដេរ គោលនយោបាយវិនិយោគវិស័យកសិកម្មកែច្នៃ ទេសចរណ៍ ការគាំពារសង្គម សុខុមាលភាព របស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកកំពស់។
៤៖ គិតគូ និងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជីវភាពប្រចាំ ថ្ងៃ និងចំពោះមុខតាមរយៈការដាក់ចេញនូវគោលយោ បាយភូមិឃុំមានសុវត្ថិភាព ការធ្វើលិខិតអត្រានុកូលដ្ឋានដោយគ្មានបង់ថ្លៃសេវា ការកាត់បន្ថយសេវា សាធារណៈពន្ធ ការបញ្ចុះតម្លៃប្រេង តម្លៃអគ្គិសនី និងការគាំពារស្រ្តីមានផ្ទៃពោះ ដើម្បីកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
៥៖ គោលនយោបាយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ រូបវ័ន្តគ្រប់បែបយ៉ាង ការអភិវឌ្ឍវ៉ារីអគ្គិសនី កសិឧស្សាហ កម្មកែច្នៃ រោងចក្រឧស្សាហកម្មគ្រប់កំរិត ដើម្បីប្រែក្លាយប្រទេសយើង ទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នាឆ្នាំ២០៣០។
ក្នុងឱកាសនោះ លោក វេង សាខុន បានអំពាវនាវប្រជាពលរដ្ឋជាង ៤,០០០នាក់ នៅទីនេះ និងពលរដ្ឋដែលមានឈ្មោះបោះឆ្នោត នៅទូទាំងស្រុកតំបែរ ជាង៣ម៉ឺននាក់ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា ដើម្បីជូនសម្តេចបន្តដឹកនាំប្រទេស ដើម្បីរក្សាបាននូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ យោងតាមសំណើចាំបាច់ របស់បងប្អូនខ្មែរឥស្លាម លោកបានជួយឧបត្ថម្ភថវិកា យកទៅកសាងវិហារ ចាក់ដី និងជួសជុលផ្លូវលំ តបណ្តាញអគ្គិសនីចូលសាលា។
បន្ទាប់ពីបញ្ចប់កម្មវិធីនៅឃុំសេដាខាងលើនេះ លោក វេង សាខុន និងសហការី ក៏បានបន្ដអញ្ជើញមកជួបសំណេះសំណាល ជាមួយសមាជិកគណៈកម្មការបក្ស ក្នុងស្រុកតំបែរចំនួន៤១១នាក់ នៅស្នាក់ការគណបក្សប្រជាជនស្រុកតំបែរ។
លោក វេង សាខុន ក៏ជម្រាបជូនអង្គពិធីបានជ្រាប ដោយសង្ខេបពីសភាពការណ៍ នយោបាយរបស់ជាតិ និងអន្តរជាតិ ការរីកចំរើនរបស់វិស័យសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ពិសេសចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ ប្រទេសជាតិនាពេលអនាគតដ៏ខ្លីខាងមុខ។
ដើម្បីរក្សាបាននូវសមិទ្ធផល និងឈានទៅសម្រេច បាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យកងកម្លាំង ប្រដាប់អាវុធនូវចំណុចសំខាន់ៗ ដូចខាងក្រោម៖
១៖ ត្រូវយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវការពារ និងថែរក្សាឲ្យបាននូវសមិទ្ធផលទាំងអស់ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។
២៖ បង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមទាំងមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោត ដែលនឹងរៀបចំធ្វើនៅថ្ងៃទី២៩ កក្កដា ខាងមុខ ឲ្យបានល្អប្រសើរ។
៣៖ បង្កើនវិធានការការពារ និងទប់ស្កាត់នូវរាល់អំពើហិង្សាចលនាបះបោល ចលនាបដិវត្តន៍ពណ៌ ដែលជាហេតុបង្កឲ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជីវភាព និងភាព សុខសាន្តរបស់ប្រជាពលរដ្ឋ។
៤៖ យកចិត្តទុកដាក់ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អត្រឹមត្រូវ មានប្រសិទ្ធភាព និងទាន់ពេលវេលា សាកសមជាកងកម្លាំងរបស់ប្រជាជន បម្រើផលប្រយោជន៍ជូនប្រជាជន។
៥៖ លប់បំបាត់នូវល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្រុងសង្គម ចោរកម្ម និងសណ្តាប់ធ្នាប់ចរាចរ។
៦៖ ក្រៅពីការងារការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម លោករដ្ឋមន្រ្តីស្នើឲ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើការងារបង្កបង្កើនផល ដួចជាដាំដុះដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រី សម្រាប់ផ្គត់ផ្គងអង្គភាព ឲ្យបានគ្រប់គ្រាន់ ជៀសវាងការចំណាយ។
ជាមួយគ្នានោះ លោក វេង សាខុន ក៏បានអំពាវនាវឲ្យកងកម្លាំង ប្រដាប់អាវុធទាំងអស់ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕