(ភ្នំពេញ)៖ លោក​ វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ក្រសួងបានរៀបចំទីតាំងថ្មីមួយ សម្រាប់ ដាក់អ្នកទោសជាអនិតិជន ដែលបច្ចុប្បន្ននេះ ពួកគេយ៉ាងហោចណាស់មានជាង ១៤០០នាក់កំពុងជាប់ឃុំឃាំងជាមួយអ្នកទោសដែលជាមនុស្សពេញ វ័យនៅតាមពន្ធនាគារនានា។

លោក​ វង សូត បន្ថែមថា កន្លែងសម្រាប់ដាក់អ្នកទោសដែលជាអនិតិជននេះមានទីតាំងក្នុងខេត្ត កណ្តាល និងអាចដាក់អោយប្រើប្រាស់ក្នុងឆ្នាំ២០១៩ ខាងមុខ។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះ ខណៈលោក ជួបពិភាក្សាជាមួយ លោកស្រី Pauline Tamasis តំណាងអង្គការសហប្រជាជាតិថ្មីប្រចាំកម្ពុជា នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២៥ មិថុនានេះ។

ថ្លែងឲ្យដឹងនៅក្នុងជំនួបនោះ លោក វង សូត បានលើកឡើងថា បច្ចុប្បន្ននេះ មានក្មេងមិនទាន់គ្រប់វ័យ ឬ ដែលយើងហៅថាអនិតិជនយ៉ាងហោចណាស់ជាង ១៤០០នាក់ កំពុងជាប់ឃុំឃាំងជាមួយអ្នកទោស ដែលជាមនុស្សពេញវ័យនៅតាមពន្ធនាគារនានា ហើយនៅពេលខាងមុខយើងនឹងញែកពួកអោយទៅនៅ កន្លែងផ្សេងដាច់ដោយឡែកពីអ្នកទោសដែលជាមនុស្សពេញវ័យ ដោយក្រសួងសង្គមកិច្ចត្រូវរៀបចំកន្លែង ថ្មីសម្រាប់ពួកគេនៅក្នុងខេត្តកណ្តាល ហើយអាចនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៩ខាងមុខនេះ។

រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដាក់អ្នកទោសជាអនិតិជនអោយនៅដាច់ដោយឡែកពីអ្នកទោស ជាមនុស្សពេញវ័យគឺជារឿងសំខាន់ គឺជារឿងដែលយើងត្រូវធ្វើ ព្រោះជាការផ្តល់ឱកាសអោយយើងអាច អប់រំគេបានច្រើន ដើម្បីកុំអោយគេប្រព្រឹត្តបទល្មើសជាថ្មីម្តងទៀតនៅក្រោយការរួចទោសទណ្ឌ ឬក្រោយ ការចាកចេញពីមណ្ឌលអប់រំកែប្រែ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី វង សូត ក៏បានជម្រាបជូន លោកស្រី Pauline Tamasis អំពីកិច្ច ខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើកិច្ចការសង្គមកិច្ចជាច្រើនដែលមានគោលដៅផ្តោតការយកចិត្តទុក ដាក់ខ្ពស់ទៅលើជនដែលមានពិការភាព ជនរងគ្រោះពីអំពើខុសច្បាប់នានា បញ្ហាកុមារ និងស្ត្រី ជាពិសេស ស្ត្រីក្រីក្រ និងមានផ្ទៃពោះជាដើម ដោយឯកឧត្តមរដ្ឋមន្ត្រីថា រាជរដ្ឋាភិបាលកំពុងគិតគូទៅលើបញ្ហាស្ត្រី មានផ្ទៃពោះ ជាពិសេសស្ត្រីមានផ្ទៃពោះដែលក្រីក្រ ដោយយើងត្រូវផ្តល់អត្ថប្រយោជន៍ដល់កូនរបស់គាត់ តាំងពីនៅក្នុងផ្ទៃរហូតដល់ពួកគេមានអាយុ ២ឆ្នាំក្រោយពេលកើត ដែលកិច្ចការនេះនឹងត្រូវអនុវត្តនៅឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។

ក្នុងជំនួបនេះ រដ្ឋមន្ត្រី វង សូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់កិច្ចសហ ការរបស់តំណាងសហប្រជាជាតិប្រចាំនៅកម្ពុជា ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទានាពេលកន្លងមក ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តទៀត។

ជាការឆ្លើយតប លោកស្រី Pauline Tamasis តំណាងអង្គការសហប្រជាជាតិថ្មីប្រចាំកម្ពុជាបាន សម្តែងនូវការកោតសសើរចំពោះការបំពេញកិច្ចការសង្គមកិច្ចបានយ៉ាងល្អរបស់ក្រសួងសង្គមកិច្ច។

លោកស្រីថា ភាគីសហប្រជាជាតិនឹងនៅតែបន្តកិច្ចសហការជាមួយក្រសួងជាបន្តទៀតដើម្បីរក្សានិរន្តរភាព ការងារ និងការផ្តល់អត្ថប្រយោជន៍ទៅដល់ក្រុមជនដែលជាគោលដៅ សមដូចការប្តេជ្ញាចិត្តរបស់អង្គការ សហប្រជាជាតិថា៖ មិនទុកនរណាម្នាក់ចោលនោះទេ៕