(ភ្នំពេញ)៖ វិស័យទីផ្សារធនារ៉ាប់រងនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះ ពោលគឺប្រជាពលរដ្ឋកាន់តែច្រើន បានទទួលការការពារផ្នែកហិរញ្ញវត្ថុ ក្នុងតម្លៃសមស្រប ដែលនឹងរួមចំណែកឲ្យសង្គមកម្ពុជា មានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថិកាន់តែរឹងមាំ និងទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកបរិយាប័នហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាក់របស់ លោក ប៊ូ ចាន់ភីរ៉ូ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ប៊ូ ចាន់ភីរ៉ូ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកអញ្ជើញក្នុងស្ដីពីភាពជាដៃគូ ក្នុងការចែកចាយផលិតផលធានារ៉ាប់រង តាមរយៈធនាគារ ក្រោយប្រធានបទ «ដំណើរទៅមុខជាមួយគ្នាដើម្បីកម្ពុជា» ដែលរៀបចំឡើងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមធានារ៉ាប់រងកម្ពុជា។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ក្នុងសិក្ខាសាលានេះ មានគោលបំណងដើម្បីបង្ហាញពីសារៈសំខាន់ នៃភាពប្រទាក់ក្រឡាគ្នារវាងវិស័យធានារ៉ាប់រងនៅកម្ពុជា និងវិស័យធនាគារ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដោយប្រកបដោយប្រសិទ្ធិភាព ស្របតាមទិសដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានលើកឡើងទៀតថា វិស័យធានារ៉ាប់រងនៅកម្ពុជា កាន់តែទទួលបានទំនុកចិត្ត ពីសាធារណជនកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាផ្លែផ្កានៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដើរតួជាស្ថាប័ននិយតករធានារ៉ាប់រង ក្នុងការបង្កើតឲ្យមានបរិស្ថាន និងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញាតិសមស្របផងដែរ។
លោកបានបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីបើកជាវេទិការឲ្យអ្នកចូលរួម បានសិក្សាស្វែងយល់អំពីដំណើរការ និងការគ្រប់គ្រងបណ្ដាញចែកចាយផលិតផលធានារ៉ាប់រងតាមរយៈធនាគារ ដែលជាការចាប់ដៃគូរវាងក្រុមហ៊ុនធានារ៉ាប់រង ជាមួយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីងាយស្រួលក្នុងចែកចាយផលិតផលធានារ៉ាប់រង ដល់អតិថិជនរបស់ខ្លូន។
លោក ប៊ូ ចាន់ភីរ៉ូ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលមានការរីកចម្រើនយ៉ាងលឿន នូវប្រាប់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ និងមានការយល់ដឹងពីហានិភ័យ ដែលប្រជាពលរដ្ឋដែលបានប្រឈរមុខ គឺឃើញថា ទីផ្សារធនារ៉ាប់រងនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះ។
លោកបានបន្តថា ដោយហេតុនេះហើយ ទើបការពង្រីកតួនាទី នៃភាពជាដៃគូក្នុងការលក់ផលិតផលធានារ៉ាប់រងតាមរយៈធនាគារ និងរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់សេវាធានារ៉ាប់រង ចំពោះអតិថិជនរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពោលគឺប្រជាពលរដ្ឋកាន់តែច្រើន នឹងទទួលបានការការពារផ្នែកហិរញ្ញវត្ថុក្នុងតម្លៃសមស្រប ដែលនឹងរួមចំណែកឲ្យសង្គមកម្ពុជាមានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថិកាន់តែរឹងមាំ និងទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកបរិយាប័នហិរញ្ញវត្ថុ៕