(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា ពុទ្ធចក្ររុងរឿងទៅបានដោយសារអាណាចក្រ អាណាចក្ររុងរឿងទៅបានដោយសារសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ និងមាប្រជាធិបតេយ្យ ។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកបវេសនកាលឆ្នាំថ្មី ២០១៨-២០១៩ នៃពុទ្ធិកសិក្សាគ្រប់កម្រិត ដែលពិធីនេះធ្វើឡើងក្នុងវត្តទ្រៀល ស្ថិតនៅឃុំទ្រៀល ស្រុកបារាយណ៍ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ព្រះចរិយានុរក្ស លីម វុឌ្ឍី ព្រះអនុគណស្រុកបារាយណ៍ និងជានាយកពុទ្ធិកវិទ្យាល័យឧត្តមមុនីរតនាអេង-ហួយ ព្រះសង្ឃ មន្ត្រីរាជការ លោកតាជីយាយជីជិត១ពាន់អង្គ-នាក់។
ព្រះចរិយានុរក្ស លីម វុឌ្ឍី មានសង្ឃដីកាថា ពុទ្ធិកបឋមសិក្សាក្នុងស្រុកបារាយណ៍មាន២១កន្លែង ស្មើនឹង៣៤បន្ទប់ មាន៣ថ្នាក់ សមណសិស្សសរុប ៣៩៧អង្គ គ្រូក្របខណ្ឌមាន១នាក់ គ្រូកិច្ចសន្យាមាន២៧នាក់ និងគ្រូជួលមាន៦នាក់។
ព្រះអង្គក៏បានមានសង្ឃដីកាពីបញ្ហាកង្វះខាតក្នុងពុទ្ធិកវិទ្យាល័យឧត្តមមុនីរតនាអេង-ហួយ មានកង្វះខាតសម្ភារជាច្រើនទៀតសម្រាប់ប្រើប្រាស់នៅទីចាត់ការ និងជាពិសេសថវិកាសម្រាប់ជួសជុលអាគារសិក្សា និងថវិកាសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គិនីប្រចាំខែ និងសម្រាប់ផ្គត់ផ្គង់នៅលើការចំណាយផ្សេងៗទៀត។
បន្ទាប់ពីលោក ហាក់ ម៉ុងហួត រាយការណ៍ពីស្ថានភាពទូទៅក្នុងឃុំទ្រៀល ក៏ដូចជាក្នុងស្រុកបារាយណ៍រួចមក លោករដ្ឋមន្ត្រីបានលើកឡើងថា គ្រប់សាសនាទាំងអស់អាចស្ថិតស្ថេរ និងរីកចម្រើនទៅបាន ក៏អាស្រ័យលើកម្ពុជាមានសុខសន្តិភាព ស្ថិរភាព។ មានសុខសន្តិភាព ទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍ ទើបជីវភាពប្រជាជនមានការរីកចម្រើន ពេលជីវភាពប្រជាជនកាន់តែធូធារ ទើបលទ្ធិប្រជាធិបតេយ្យកាន់តែមានរីកចម្រើន។
លោករដ្ឋមន្ត្រីអះអាងថា កម្ពុជាមិនគ្រាន់តែមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីជាការកត់សម្គាល់ជាងនេះទៅទៀតនោះ គឺវិស័យព្រះពុទ្ធសាសនា និងសាសនាទាំងអស់ស្ថិតក្នុងភាពសុខដុមរមនា គ្មានជម្លោះសាសនានោះឡើយ ខណៈដែលប្រទេសមួយចំនួនកំពុងមានជម្លោះសាសនា រហូតដល់មានការបង្ហូរឈាមគ្នា។ ភាពសុខដុមរមនាលើវិស័យសាសនាទាំងនេះ មិនអាចកាត់ផ្ដាច់បានពីគោលនយោបាយដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនោះឡើយ។
លោកអំពាវនាវប្រាប់ប្រជាពលរដ្ឋដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំកម្ពុជាទៅរកការអភិវឌ្ឍបន្តទៀត សូមប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រៀមខ្លួនឲ្យបានស្រេច ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោកក៏បានក្រៀនរំឭកដល់ប្រជាពលរដ្ឋថា ប្រសិនបើគ្មានអត្តសញ្ញាណបណ្ណ ឬមានសាច់ញាតិរបស់គ្មានអត្តសញ្ញាណបណ្ណ ត្រូវរួសរាន់ត្រៀមធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ជាមួយមន្ត្រីនៃគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) ឱ្យបានគ្រប់គ្នា ដើម្បីប្រើជំនួសអត្តសញ្ញានបណ្ណក្នុងពេលទៅបោះឆ្នោត។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានប្រគេនបច្ច័យចំនួន ១០លានរៀល កុំព្យួទ័រលើតុចំនួន ៤គ្រឿង និងកុំព្យួទ័រយួរដៃចំនួន ១គ្រឿង និងបានឧបត្ថម្ភថវិកាដល់សមណសិស្សជយលាភីក្នុងការប្រឡងផងដែរ ដែលលេខ១ទទួលបាន ៦០ម៉ឺនរៀងក្នុងមួយអង្គ លេខ២ទទួលបាន ៤០ម៉ឺនរៀល និងលេខ៣ទទួលបាន ២០ម៉ឺនរៀល៕