(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប បានណែនាំ ដល់ក្រុមការងារចុះជួយប្រជាពលរដ្ឋ នៅមូលដ្ឋាន នៅក្នុងឃុំសង្កាត់ ឲ្យបន្ដយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋ និងពង្រឹងកិច្ចការងារទាំងនោះឲ្យជាប់ជាប្រចាំ ដើម្បីឲ្យពលរដ្ឋមានជំនឿ ទៅគណបក្សប្រជាជនកម្ពុជា ជាពិសេសធ្វើយ៉ាងណាឲ្យ ពួកគាត់មានភាពងាយស្រួល ទៅចូលរួមបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨នេះ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប បានថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារចុះជួយមូលដ្ឋាន របស់គណបក្សប្រជាជន នៅមន្ទីរបក្សខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះថា នាពេលបច្ចុប្បន្ននេះ នៅតាមមូលដ្ឋានឃុំសង្កាត់ ក៍ដូចជានៅទីក្រុងសៀមរាបទាំងមូល កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ នៅលើគ្រប់វិស័យទាំងផ្លូវថ្នល់ និងប្រព័ន្ធធារាស្ដ្រ។
លោកថា ដែលសមិទ្ធិផលទាំងនេះ បានកើតឡើងដោយសារស្នាដៃ នៃការដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច ហ៊ុន សែន ជាប្រធានគណបក្សដូចនេះ ក្រុមកាងារចុះជួយតាមមូលដ្ឋាន ត្រូវបន្ដយកចិត្ដទុកដាក់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋនៅមូលដ្ឋាន យល់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យពួកគាត់មានជីវភាពធូរធា។
លោកបានក្រើនរំឭក ដល់ក្រុមការងារបក្សត្រូវសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាជំរុញការត្រួតពិនិត្យឯកសារ បញ្ជាក់សញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) ជូនសមាជិកបក្សដែលគ្មាន ឬបាត់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ដើម្បីឲ្យពួកគាត់មានឯកសារគ្រប់គ្រាន់ ក្នុងការបោះឆ្នោត។
លោកបានបន្ដថា មានប្រជាពលរដ្ឋមួយចំនួន បាត់បង់អត្ដសញ្ញាណបណ្ណ ដែលធ្វើឲ្យពួកគាត់បាត់បង់សិទ្ធិបោះឆ្នោត និងមួយចំនួនទៀត មិនទាន់ទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រោះអត្តសញ្ញាណបណ្ណជាវត្ថុដ៏សំខាន់បំផុត បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានោះដែរ លោកក៏បានក្រើនរំលឹកដល់ក្រុមការងារ ត្រូវត្រៀមមធ្យោបាយ និងសម្ភារដើម្បីត្រៀមក្នុងការឃោសនាបោះឆ្នោតដ៏ខ្លីខាងមុខ ដែលប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨។ ត្រូវបន្តរួមគ្នាពង្រីកសមាជិកបក្សថ្មីបន្ថែម សំដៅពង្រីកសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើន ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ។
ម្យ៉ាងទៀត ត្រូវខិតខំបន្តពន្យល់ប្រជាពលរដ្ឋពីការខិតខំស្វែងរកសន្តិភាព រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការខិតខំអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ប្រធានក្រុមការងារចុះជួយមូលដ្ឋានតាមឃុំ-ភូមិ ត្រូវរៀបចំកែលម្អ និងលើកបន្ថែមនូវស្លាកគណបក្សប្រជាជនកម្ពុជា បដាពាក្យស្លោក និងរូបភាពសមិទ្ធផលនានា នៅតាមទីស្នាក់ការគណបក្ស ក៏ដូចជាតាមទី សាធារណៈឲ្យបានត្រឹមត្រូវតាមការណែនាំ។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ផងដែរថា ត្រូវពន្លឿនការផ្ដល់បណ្ណសមាជិកគណបក្សប្រជាជនកម្ពុជា ជូនសមាជិកបក្សឲ្យបានគ្រប់គ្នា។ ត្រូវខិតខំផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ឆាប់រហ័ស និងមានតម្លាភាព៕