(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា នៅចុងឆ្នាំ២០១៩ខាងមុខ កម្ពុជាគ្រោងនឹងសាងសង់ផែទឹកជ្រៅមួយទៀត ដើម្បីបំពេញឆ្លើយតបកំណើននៃការដោះដូរទំនិញដែលកំពុងមានសភាពរស់រវើក និងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ចំណតផែកុងតឺន័រថ្មីនេះមានជម្រៅទឹក ១៤.៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅប្រទេសជប៉ុន កាលពីឆ្នាំ២០១៧កន្លងទៅនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះហត្ថលេខាលើពិធីប្តូរសារ និងកិច្ចព្រមព្រៀងប្រាក់កម្ចីសម្បទានលេខ CP-P21 រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនលើគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅនេះ ដែលមានទឹកប្រាក់សរុបប្រមាណជា ២០៣លានដុល្លារអាមេរិក។ ផែទឹកជ្រៅនេះគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងទៀតថា កំពង់ផែទឹកជ្រៅនេះ នឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំចំណុះ ៦០,០០០តោន រហូតដល់៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣។ ជាងនេះទៀត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់មធ្យម ដោយបរិមាណកុងតឺន័រឆ្លងកាត់នឹងមានបរិមាណលើសពី ១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រយៈពេល ៥ឆ្នាំចុងក្រោយ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែកើនឡើងជាមធ្យម ១២,៦៥%។ ក្នុងឆ្នាំ២០១៧ កន្លងទៅ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមានចំនួន ៤៥៩,៨៣៩ TEUs ដែលមានកំណើនប្រមាណ ១៥%ធៀបនឹងឆ្នាំ២០១៦។ ដោយឡែកសម្រាប់រយៈពេល ៥ខែ ដើមឆ្នាំ២០១៨នេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមានចំនួន ២០៧,០៤៧ TEUs ដែលមានកំណើន ១៩.៦៨% ធៀបនឹងរយៈពេល ៥ខែ ដើមឆ្នាំ២០១៧៕