(ប៉ៃលិន)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ប្រកាសតែងតាំងលោក ហុក សុផល និងលោក ហែម ឫទ្ធី ជាអភិបាលរងខេត្តប៉ៃលិន ខណៈលោក អ៊ុន ប៊ុនលី ត្រូវបានប្រកាសតែងតាំងជានាយករដ្ឋបាលសាលាខេត្ត។
ពិធីប្រកាសតែងតាំងនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន សមាជិក្រុមប្រឹក្សាខេត្ត លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលអភិបាលរងទាំង ក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព ចូលរួមយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនោះលោក សក់ សេដ្ឋា បានដាស់តឿនឱ្យលោកអភិបាលរងស្រុកទាំងពីរ ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវខិតខំរៀនសូត្រ នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗផ្សេងទៀត ដើម្បីបង្កើននូវសមត្ថភាព ក្នុងការបំពេញបេសកកម្មបម្រើការងារ ជូនប្រជាពលរដ្ឋប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈជាមន្ត្រីរាជការ ដោយគោរពនូវតួនាទី ភារកិច្ចរបស់ខ្លួន។
លោក សក់ សេដ្ឋា បានថ្លែងប្រាប់ទៅមន្ត្រីទើបតែតាំងថ្មី ត្រូវបន្តសហការជាមួយគ្នា ដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនសង្គមជាតិ ឱ្យមានភាពរីកចំរើន ព្រមទាំងជំរុញអនុវត្ត នូវកំណែទំរង់នានា នូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងមជ្ឈការ វិមជ្ឈការ វិសហជ្ឈការ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយកាត់បន្ថយភាពក្រីក្រ ជុំវរុញខិតខំបណ្ដុះបណ្ដាលបង្កើនប្រសិទ្ធភាព ការផ្តល់សេវាសាធារណ: ដល់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព ដោះស្រាយសំណូមពរនានា របស់ប្រជាជន លើកកម្ពស់ការចូលរួមផ្ដល់កិច្ចការគ្រប់វិស័យ ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានរំលឹកពីការផ្លាស់ប្តូរ ជាចលនាបដិវត្តប្រើប្រាស់ជាប្រជាជន ដើម្បីធ្វើការប្រមូលផ្ដុំ តាមទីសាធារណនានា ដោយមិនបង្ហូរឈាម ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលស្របច្បាប់ចុះចេញពីតំណែង។ ក្រោយមកបក្ខពួកផ្ដួលរំលំនោះ នឹងឡើងគ្រប់គ្រងអំណាចមុខតំណែងវិញម្ដង។ នេះជាចរិក នៃការផ្ដួលរំលំដូចជានៅបណ្ដាប្រទេសមួយចំនួន៖ អ៊ុយក្រែន, អ៊ីរ៉ាក់, ស៊ីរី, លីប៊ី ។ល។ សម្រាប់ប្រទេសយើង គឺមានគណបក្សនយោបាយមួយក្រុមបានយកទម្រង់ខាងលើនេះប៉ុនប៉ងបង្កើត ចលនានេះ កាលពីឆ្នាំ២០១៥កន្លងមក ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលស្របច្បាប់ចុះចេញពីមុខតំណែង ដែលកើតឡើងពីការបោះឆ្នោត។
ដូច្នេះលោកជំរុញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ជ្រាបពីចេតនា បដិបត្តពណ៌របស់គណបក្សនយោបាយមួយក្រុមនេះ ព្រមទាំងពង្រឹង ការប្រុងប្រយ័ត្ន និងខិតខំប្រឹងប្រែងថែក្សាសន្តិសុខ សន្តិភាព ការអភិវឌ្ឍ ស្ថិរភាព នយោបាយ ជូនសង្គមជាតិឱ្យបានល្អ៕