(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិបាន អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង៣៩៥ម៉ែត្រ ទទឹង៤ម៉ែត្រ និងដាក់ប្រព័ន្ធលូ១ខ្សែ ប្រវែង៤០០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា និងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ។
ចំពោះចំណងដៃជាបន្តបន្ទាប់ខាងលើនេះ ជូនដល់ពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ បានកើតមានឡើងដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ហើយប្រជាពលរដ្ឋទៀតសោត បានញញឹមបិតមាត់មិនជិតនោះឡើយ ចំពោះកាដូរបស់អាជ្ញាធរជូនដល់ភូមិឋានរបស់ពួកគាត់ ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាពរបស់ពួក គាត់កាន់តែធូរធាខ្លាំងៗឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាកបញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។
លោកក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេស ឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។
ផ្លូវបេតុង និងប្រព័ន្ធលូថ្មី ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៨ ដែលផ្លូវបេតុងមានប្រវែង ៣៩៥ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា និង ប្រព័ន្ធលូ ០១ខ្សែ ប្រវែង ៤០០ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសំព័រ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបញ្ជៀសការលិចលង់ និងមានសោភណ្ឌភាពក្នុងការរស់នៅផងដែរ។
បងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយ តទៅមុខទៀត៕