(ភ្នំពេញ)៖ ថ្មីៗនេះ មានផ្ទុះព័ត៌មានដ៏រសើបមួយ ពាក់ព័ន្ធនឹងរឿង ដែលបានចុះផ្សាយ ពេញបណ្ដាញអ៊ីនធឺណេតថា ម្ចាស់ផលិតកម្មក្នុងស្រុកមួយ បានជំពាក់ថ្លៃផ្សព្វផ្សាយពាណិជ្ជកម្ម ដោយមិនបានធ្វើការទូទាត់ថ្លៃចំណាយ សងឲ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលានោះទេ ខណៈការបំប៉ោងព័ត៌មានទាំងនោះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និង កេរិ៍តឈ្មោះម្ចាស់ផលិតកម្មរូបនោះ ដែលគេបានធ្វើការចុះផ្សាយ ពេញបណ្ដាញហ្វេសប៊ុក។ ជុំវិញបញ្ហាមួយនេះ ចាងហ្វាងផលិតកម្មក្នុងស្រុកមួយរូប បានចេញមុខប្រតិកម្មធ្ងន់ៗ ទៅលើការចោទប្រកាន់ ជុំវិញបញ្ហាដ៏រសើបមួយនេះ ដោយបានលើកយកមូលហេតុ និងហេតុផលមួយចំនួន មកធ្វើការដោះស្រាយ។
លោក អ៊ិន សុភិន ដែលត្រូវបានគេស្គាល់ថា ជាអគ្គនាយផលិតកម្មមហាហង្ស និងជាអនុប្រធានសមាគមភាពយន្តកម្ពុជា ជាអ្នកពូកែផលិត និងបង្កើតស្នាដៃកុនខ្មែរ ទាំងរឿងភាគ និងរឿងដុំ បានបង្ហាញពីប្រតិកម្មឆ្លើយតប និងបញ្ជាក់ពីមូលហេតុ មួយចំនួន ដែលនាំឲ្យលេចឮ ព័ត៌មានទាំងនោះកើតឡើង។
លោក អ៊ិន សុភិន បានបង្ហោះសារនៅលើបណ្ដាញ សង្គមហ្វេសប៊ុកថា «សូមអរគុណដល់អ្នកសារព័ត៌មានមួយចំនួន ដែលចង់ឲ្យខ្ញុំល្បី ដល់ថ្នាក់ចុះផ្សាយព័ត៌មាន មិនពិតថា រូបខ្ញុំជំពាក់លុយ ថ្លៃផ្សាយពាណិជ្ជកម្មគេមិនសង ខ្ញុំចង់ប្រាប់ទៅពួកអ្នកសារព័ត៌មានមួយចំនួន ដែលចុះផ្សាយថា តើមានឯកសារណាមួយ ដែលខ្ញុំជំពាក់គេ ពួកអ្នកជាមនុស្ស គួរប្រើខួរក្បាលជាមនុស្ស កុំប្រើខួរក្បាលជាឆ្កែ ចរិតថោកទាបជាងសត្វទៅទៀត ចូលចិត្តណាស់អារឿងបរិហាកេរិ៍តរបស់អ្នកដទៃ ដើម្បីផលប្រយោជន៍កាសែតខ្លួនឯងនោះ។ ខ្ញុំមិនខ្មាស់គេទេ ព្រោះមិនពិត សូមប្រើវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ បើគ្មានភស្តុតាងកុំចេះតែចុះ នាំឲ្យប្រជាជនទូទៅអស់ជំនឿ លើសារព័ត៌មាននៅកម្ពុជា!»។
ទន្ទឹមនឹងការបង្ហោះសារ ដែលឆ្លើយតបទៅនឹងការចុះផ្សាយថា ជំពាក់ថ្លៃផ្សាយពាណិជ្ជកម្ម មិនព្រមសងនោះ ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានផ្ដល់ព័ត៌មានលំអិត បន្ថែមទៀតថា ហេតុផលដែលនាំឲ្យមានការចុះផ្សាយបែបនោះ គឺដោយសារតែលោករវល់នឹងកិច្ចការ ផ្សេងៗជាច្រើន ស្របពេលដែលបុគ្គលិក មិនបានទូទាត់ថ្លៃធ្វើដំណើរ ជូនដល់អ្នកកាសែតមួយចំនួន ឲ្យទាន់ពេលវេលាផងនោះ ទើបធ្វើឲ្យមានការយឺតយ៉ាវ និង លេចឮរឿងទាំងនោះកើតឡើង។
អ្វីដែលសំខាន់ លោក អ៊ិន សុភិន បញ្ជាក់យ៉ាងច្បាស់ថា លោកមិនជំពាក់ថ្លៃផ្សព្វផ្សាយពាណិជ្ជកម្ម ដូចអ្វីដែលអ្នកកាសែតមួយចំនួន ធ្វើការចុះផ្សាយនោះទេ។ ព្រោះអ្វីដែលអ្នកកាសែត ធ្វើការចុះផ្សាយនោះ គឺទាក់ទងទៅនឹងកញ្ចប់សម្រាប់ ផ្ដល់ឲ្យអ្នកកាសែត ពោលគឺ ក្នុងពេលដែលក្រុមហ៊ុនរបស់លោក បានអញ្ជើញអ្នកកាសែតឲ្យមកយកព័ត៌មាន ទាក់ទងនឹងការងារសិល្បៈ ឬមានរៀបចំកម្មវិធីសិល្បៈផ្សេងៗ ហើយមានការប្រគល់ឲ្យដល់ដៃអ្នកកាសែតទាំងនោះ យឺតយ៉ាវបន្តិចបន្តួច តែប៉ុណ្ណោះ ។
មួយវិញទៀត អ្នកកាសែតមួយចំនួន បានយកថវិកា ដែលជាថ្លៃសាំង មិនទាន់ពេលវេលា ដោយធ្វើការចុះផ្សាយថា លោកជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្ម មិនព្រមសងនោះ លោកបានបកស្រាយថា មិនមែនជាការពិតឡើយ ដោយមានការយល់ច្រឡំបន្តិចបន្តួច ព្រោះគ្រប់ពេលកម្មវិធី ចប់សព្វគ្រប់ លោកតែងបង្វិលកញ្ចប់ជូនដល់អ្នកសារព័ត៌មាន ប៉ុន្តែគ្រាន់តែយឺតយ៉ាវ តែបន្តិចប៉ុណ្ណោះ។
យ៉ាងណាមិញ លោកបានសម្ដែងភាពស្មោះត្រង់ថា ខ្លួនពិតជាមានការធ្វេសប្រហែល ចំពោះការរៀបចំថវិកាទាំងនោះ ជូនដល់អ្នកកាសែត ពិតមែន ដោយលោកអះអាងថា អ្នកកាសែត មានការងារច្រើនជាមួយក្រុមហ៊ុន ហើយម្យ៉ាងទៀត បណ្ដាលមកពីថវិកានោះជាកញ្ចប់មួយតូច ដូច្នេះ លោក និងក្រុមការងារគិតគូរមិនបានគ្រប់ជ្រុងជ្រោយ ព្រោះត្រូវចំណាយលើថ្លៃផ្សេងៗ ជាច្រើនទៀត៕