(បន្ទាយមានជ័យ​)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សួន​ បរវ​អភិបាលខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៨ ​ប្រកាសឲ្យចូលកាន់តំណែងលោក ឈឿន​ សេរីវុធ​ ជាប្រធានមន្ទីរទេសចរណ៍ថ្មីខេត្តជាផ្លូវការជំនួសលោក ជុង ឡឹម ដែលត្រូវចូល​និវត្តន៍​។

ក្នុងនោះរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានណែនាំឲ្យប្រធានមន្ទីរទេសចរណ៍ថ្មីរូបនេះ បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍​ ទេសចរណ៍​ធម្ម​ជាតិ​ ទេសចរណ៍​កន្លែងបុរាណ​ រក្សាអោយបាននូវ​ វប្បធម៌​ និងសាសនា។

លោក សួន​ បរវ បានលើក​បង្ហាញពីសក្ដានុពលលើវិស័យទេសចរណ៍នៅខេត្ត ដែលកំពុងមានភាព​ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ដូចជា៖ ប្រាសាទ​បន្ទាយ​ទ័ព​ ប្រាសាទ​បន្ទាយឆ្មា​​ តំបន់ទេសចេណ៍ធម្មជាតិជាដើម តម្រូវឲ្យមានការគ្រប់គ្រង និងអភិវឌ្ឍន៍ជាចាំបាច់ ក្នុងនោះលោក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត បង្កើនការពង្រឹងអាជីវកម្មទេសចរណ៍ បន្ថែមការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដល់ភ្ញៀវទេសចរ។

លោក ជា បូរ៉ា ក៏បានជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ​ត្រូវចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អឱ្យបានផុសផុល ព្រោះចលនានេះក៏ជាការទាក់ទាញភ្ញៀវទេសចរ លើកស្ទួយការអភិវឌ្ឍក្នុងខេត្តផងដែរ។

លោករដ្ឋលេខាធិការ​ក្រសួង​ បានបន្តណែនាំឱ្យប្រធានមន្ទីរទេសចរណ៍ ត្រូវយកចិត្តទុកដាក់អនុវត្តការងារគ្រប់គ្រងអាជីវកម្មទេសចរណ៍ និងការងាររមណីយដ្ឋានស្អាតឲ្យទទួលបានលទ្ធផលល្អ ស្របតាមស្ដង់ដារក្នុងប្រទេស និងក្នុងតំបន់។

លោកក៏បានអំពាវនាវ ដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត គ្រប់ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងគ្រប់ប្រធានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស ត្រូវចូលរួមការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ ឆ្នាំ២០១៨ និងការប្រលងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨ ឲ្យបានច្រើនកុះករ។

លោកក៏បានបន្ថែមអនុសាសន៍មួយទៀត គឺជំរុញឱ្យប្រធានមន្ទីរទេសចរណ៍ និងអាជ្ញាធរខេត្ត ត្រូវគិតគូររៀបចំកែលម្អវត្តអារាមឲ្យកាន់តែល្អ និងមានសោភ័ណភាពសាកសមជាទីសក្តារផង និងជាកន្លែងសម្រាប់ដំណើកម្សាន្តផង ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសសម្រាប់វត្តអារាមដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ៕