(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបានបន្តអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋទូទាំងខេត្ដ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ជាវ តាយ បានអំពាវនាវបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មកពីក្រុងកំពត ប្រមាណ១០០នាក់ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
លោក ជាវ តាយ បានលើកឡើងថា «កម្ពុជាសុខសប្បាយ និងរីកលូតលាស់ មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួម ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ដែលមានជំនឿ ទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេស រីកចម្រើនមកទល់សព្វថ្ងៃ»។
លោកបានបន្តថា ក្រោមដំបូល នៃសុខសន្តិភាព ស្ថិរភាពជាតិ កំណើនសេដ្ឋកិច្ចជាតិ មានការកើនឡើងជាបន្តបន្ទាប់ ដោយសារគណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយដឹកនាំត្រឹមត្រូវបានប្រែក្លាយគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា មកជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះលោក ជាវ តាយ ក៏បានក្រើនរំលឹកដល់មន្រី្តគណបក្ស និងប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់ការញុះញុង របស់ជនអតិមួយចំនួន ដែលមានបំណងចង់បំផ្លាញជាតិ។ លោក ក៏ស្នើឲ្យគ្រប់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជួយសម្រួលឲ្យប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ទៅបោះឆ្នោតទាំងអស់គ្នា ដោយគ្មានការបំភិតបំភ័យ និងធានាសន្តិសុខ សុវត្ថិភាព បានល្អជូនពួកគាត់ និងសម្រួលរាល់ដល់បណ្តាគណបក្សនានា ឲ្យដំណើរការរបស់ខ្លួន បានទៅដោយរលូន ក្នុងសកម្មភាពយុទ្ធនាការ ក៏ដូច ជុំវិញពាក់ព័ន្ធការបោះឆ្នោតជិតចូលមកដល់ផងដែរ៕