(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ដែលសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។
ការវាយតម្លៃរបស់មន្ត្រីជាន់ខ្ពស់ស្ថាប័នពិភពលោកកំពូលមួយនេះ បានធ្វើឡើងនៅក្នុងលិខិតមួយច្បាប់របស់លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ផ្ញើរជូនលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយបង្ហាញពីការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលត្រូវបានជ្រើសតាំង នៅក្នុងស្ថាប័នជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។
នៅក្នុងលិខតិដដែលនេះ លោកស្រីបានថ្លែងបញ្ចាក់ថា៖ «ខ្ញុំសូមឆ្លៀតឱកាសនេះ សម្តែងសារជាថ្មីជូនចំពោះ ឯឧត្តមនូវការប្តេជ្ញារបស់អង្គការសហប្រជាជាតិ នៅកម្ពុជាគាំទ្ររាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និសង្គម របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដោយសម្លេងគាំទ្រ១៨៣លើ១៨៨៕