(កំពង់ចាម)៖ តំណាងអនុប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ឡូវ សុខសាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណាល័យ មួយខ្នង នៅក្នុងសាលាបឋមសិក្សាបឹងទីង ភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយបានចំណាយថវិកាប្រមាណ ១៤៥០០ដុល្លារ។
នៅក្នុងពិធីនោះដែរក៏មានការចូលរួមសប្បុរជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតា បិតា អាណាព្យាបាល និងព្រះគ្រូចៅអធិការវត្តផងដែរ។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងថា សាលារៀននេះបានកើតឡើងនៅពាក់កណ្តាលឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត បានដួលរលំផុតទៅ នាពេលនោះ ប្រជាជនបាននាំគ្នារុះរើរោងបាយរបស់សហករណ៍ ដែលនៅសេសសល់មកធ្វើជាអគារសិក្សា ក្នុងវត្តដោយសិស្សត្រូវបានអង្គុយរៀនផ្ទាល់ដីហើយអគារគ្មានជញ្ជាំង គ្មានតុអ្វីទាំងអស់។
នៅក្នុងឱកាសនោះ លោក ឡូវ សុខសាន បានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានចាត់ទុកថា វិស័យអប់រំគឺជាវិស័យ អាទិភាពមួយ ក្នុងវិស័យផ្សេងៗទៀត ព្រោះថា សង្គមជាតិ អភិវឌ្ឍន៍ រីកចម្រើនទៅបានទាល់តែ មានធនធានមនុស្សគ្រប់គ្រាន់ ដូចនេះហើយប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានផ្តោតការយកចិត្តទុកដាក់ បង្កើតឲ្យមានសាលារៀន និងបណ្ណាល័យគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលអោយកូនក្មួយ ប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា។
លោក ឡូវ សុខសាន បានផ្តាំផ្ងើថា ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន ហើយក្នុងនោះដែរ ប្រាក់បៀវត្សរ៍របស់លោកគ្រូ អ្នកគ្រូ ក៏បានតំឡើងដែរ ដែលអាចធ្វើឲ្យជីវភាពបានធូរធា ប្រសើរមួយកម្រិតនេះ គឺអាស្រ័យដោយមានការខិតខំ និងយកចិត្តទុកដាក់គិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ហេតុនេះសូមឲ្យបន្តសកម្មភាពនេះអោយកាន់តែរលូននិងចូល រួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសិមិទ្ធិផលនានារបស់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ឲ្យបានគង់វង្សសម្រាប់បន្តទុកដល់កូនចៅជំនាន់ៗក្រោយទៀត និងសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន សូមចូលរួមទៅបោះឆ្នោតអោយបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលឆាប់ៗខាងមុខនេះ។
លោកបានប្រាប់ដល់ពលរដ្ឋ សូមជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខរួមទុក្ខ និងបានរំដោះបងប្អូនប្រជាពលរដ្ឋឲ្យមានសិទ្ធសេរី ភាពរហូតមកទល់ពេលបច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ។
លោកបាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត រួមមាន៖ សៀវភៅតម្កល់ក្នុងបណ្ណាល័យថ្នាក់ទី១ ដល់ថ្នាក់ទី៦គ្រប់មុខវិជ្ជា, សៀវភៅសសេរ២០០ក្បាល, ប៊ិច២០០ដើម, សារ៉ុង១៣០០សម្រាប់, ប្រហុក៤០០គីឡូ។
ក្នុងនាមលោក ហ៊ុន ម៉ាណែត និងលោកឧកញ៉ា បានជួយឧបត្ថមបន្ថែម១៤០០ដុល្លារ សម្រាប់កសាងបណ្ណាល័យបង្ហើយ សរុបការកសាង១៤៥០០ដុល្លារ និងឧបត្ថម្ភប្រជាការពារ១២នាក់ ១០ម៊ឺនរៀល ឧបត្ថម្ភកម្មវិធី៧០ម៊ឺនរៀល និង៤៥ដុល្លារ។
តមកនាថ្ងៃដដែលនេះដែរ ដោយមានគ្រោះធម្មជាតិធ្វើឲ្យរលំផ្ទះ របើកដំបូល បងប្អូនប្រជាពលរដ្ឋប្រមាណ១៥គ្រួសារ លោក ឡូវ សុខសាន បានចុះពិនិត្យមើលផ្ទះរងការខូចខាត និងការប៉ះពាល់ ដោយ សារខ្យល់កន្រ្តាក់ ក្នុងនោះដែរ ផ្ទះរលំទាំងស្រុងមាន០៦គ្រួសារ ក្នុង១ខ្នង ទទួលបានថវិកា២០ម៊ឺនរៀល និង០៩គ្រួសារទៀត ទទួលថវិកា១០ម៊ឺនរៀលក្នុង១គ្រួសារ នេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។ ដោយឡែក ក៏មានអំណោយកាកបាកក្រហមកម្ពុជា ចូលរួមឧបត្ថម្ភដោយក្នុងគ្រួសារនីមួយៗ ទទួលសម្ភារប្រើប្រាស់មួយចំនួន និងថវិកាមួយចំនួនផងដែរ៕