(កំពង់ធំ)៖ អតីតយុទ្ធជនខ្មែរម្នាក់ ដែលធ្លាប់ពលីកម្មតស៊ូក្នុងសមរភូមិនៅខេត្តកំពង់ធំ ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ រហូតរងគ្រោះពិការភ្នែកម្ខាង និងដៃម្ខាងនោះ បានទទួលបានផ្ទះថ្មីសន្លាង១ខ្នងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ ផ្ទះថ្មីនេះមានទំហំ ៦មx៤ម ចំណាយថវិកាសាងសង់ ៦,៦៥៥,០០០រៀល។
អតីតយុទ្ធជនខាលើ គឺពលបាលឯក ហូ ហង្ស អាយុ៤៩ឆ្នាំ គាត់បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានផ្លាស់មកអង្គភាពវរសេនាតូចលេខ៣៦។ តែជាអកុសល ក្នុងពេលចូលក្នុងសមរភូមិសង្គ្រាមកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩០ នៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ គាត់បានរងរបួសរហូតពិការដៃឆ្វេង និងភ្នែកឆ្វេង។
ក្រោយសាងសង់ជូនអតីតយុទ្ធជនខាងលើរួចរាល់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្រគល់ជូនអតីតយុទ្ធជន ហូ ហង្ស ជាផ្លូវការនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ហើយផ្ទះថ្មី១ខ្នងនេះ គឺជាអំណោយផ្ទះខ្នងទី៨០របស់សម្តេចតេជោ ហ៊ុន សែន។
ក្រៅពីប្រគល់ផ្ទះខាងលើជូនពលបាលឯក ហូ ហង្ស សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ជូននូវអំណោយមួយចំនួនទៀតផងដែរ រួមមាន៖ អង្ករ៥០គីឡូក្រាម, មី២កេះ, ទឹកត្រីទឹកស៊ីអ៉ីវ២យួរ, មុងជ្រលក់ថ្នាំ១ និងថវិកាចំនួន ៦៥០,០០០រៀល។
បច្ចុប្បន្ន ពលបាលឯក ហូ ហង្ស រស់នៅជាមួយភរិយាឈ្មោះ អឿន ត្រិច មានកូន២នាក់ក្នុងបន្ទុក រស់នៅភូមិកណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្រៅពីបានទទួលប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលផ្តល់ឱ្យក្នុងមួយខែៗ ៤៧០,០០០រៀល គាត់បានប្រកបមុខរបរនេសាទត្រី គ្រាន់បានប្រាក់កម្រៃបន្ថែមសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងឱ្យកូនៗទៅរៀន។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារពលបាលឯក ហូ ហង្ស បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវៀងវៃ និងប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ៕