(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានបញ្ជាក់ថា ដីសង្គមកិច្ចជំហានទី២ (LASED II ) ដែលកំពុងអនុវត្តគម្រោងរយៈពេល៤ឆ្នាំ (២០១៨-២០២១) លើផ្ទៃដីសរុប១,៩៩២.៧៩ហិកតា នឹងត្រូវជូនប្រជាពលរដ្ឋ៧០០គ្រួសារ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ទៅតាមផែនការដែលបានគ្រោងទុក។
លោកបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំដូង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។ លោកបានលើកឡើងថា រដ្ឋបាលខេត្តកំពង់ធំធ្លាប់ទទួលបានទទួលបាន ជោគជ័យ ក្នុងការអនុវត្តគម្រោង LASED I នៅឃុំទីពោ ស្រុកសន្ទុករួចមកហើយ និងបន្តអនុវត្តគម្រោង LASES II នៅឃុំដូងនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍តំបន់នោះឱ្យក្លាយជាតំបន់ថ្មីមួយ ដែលមានភាពរីកចម្រើនឆាប់រហ័ស។
លោកថា គម្រោងនេះ គឺសម្រាប់បែងចែកដីជូនប្រជាពលរដ្ឋដែលខ្វះដី និងមានដីតិចតួចក្នុងការបង្កបង្កើនផលកសិកម្មជាលក្ខណៈគ្រួសារ ព្រមទំាងមានរៀបចំដីកសិកម្ម និងដីលំនៅដ្ឋានផ្តល់នូវ គ្រាប់ពូជដំណាំ និងកូនស្វាយចន្ទី ផ្តល់នូវសម្ភារសាងសង់ជម្រក សម្ភារចាប់ផ្តើមជម្រកស្នាក់នៅដំបូង សម្ភារកសិកម្ម និងជួសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាសាងសង់អគារសហគមន៍ សាងសង់សាលារៀន ផ្ទះសម្រាប់គ្រូស្នាក់នៅ១ខ្នង សាងសង់អគារមណ្ឌលសុខភាព១ខ្នង សាងសង់អណ្តូងស្នប់៣៥អណ្តូង រៀបចំបោះបង្គោលព្រំដីជាដើម។
លោកអភិបាលខេត្តបានបន្ថែមថា លក្ខខណ្ឌចំពោះអ្នកដែលទទួលបានដីសម្បទានសង្គមកិច្ចនេះ នឹងទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ លុះត្រាតែប្រជាពលរដ្ឋទំាងនោះចូលទៅរស់នៅ និងអាស្រ័យផលលើដីនោះ មានរយៈពេល៥ឆ្នាំឡើង។
លោក សុខ លូ បានសំណូមពរដល់ប្រជាពលរដ្ឋទំាងអស់មិនឱ្យលក់ដូដីនេះទេ ព្រោះវាជាអាយុជីវិតរបស់ប្រជាពលរដ្ឋ។ លើសពីនេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះឆ្នោត សូមទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួនពេញចិត្ត និងអាចរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងការទាក់ទាញអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការីកចម្រើនជានិរន្តរបន្តទៀត៕