(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម នៅថ្ងៃអាទិត្យទី ២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសាលាមតេយ្យសហគមន៍១ខ្នង និងផ្លូវបេតុងចំនួន៣ខ្សែ ប្រវែងជិត ១,៥០០ ម៉ែត្រ រួមទាំងសមិទ្ធផលផ្សេងៗទៀត នៅក្នុងឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកអគ្គបណ្ឌិតសភាចារ្យបានថ្លែងថា ការអភិវឌ្ឍនៅក្នុងឃុំកោះឧកញ៉ាតី ក៏ដូចជាកន្លែងដទៃទៀតទូទាំងប្រទេស អាចកើតឡើងបាន ដោយផ្អែកលើកត្តាពីរធំៗគឺ៖ ទី១៖ ប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៍ដូចសព្វថ្ងៃ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងទី២៖ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត, ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា សាលាមតេយ្យសហគមន៍ដែលត្រូវបានដាក់សម្ពោធនៅថ្ងៃនេះ គឺជាការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិកា សាធារណៈក្នុងឃុំកោះឧកញ៉ាតី, ហើយជាសាលាមតេយ្យសហគមន៍ រៀបរយដំបូងគេនៅឃុំនេះ សម្រាប់ជាថ្នាលបណ្តុះបណ្តាលក្មួយៗកុមារាកុមារីតូចៗ ដើម្បីត្រៀមលក្ខណៈកាន់តែបានល្អ, មុនពេលឈានជើងចូលទៅកម្រិតបឋមសិក្សា។
សាលាមតេយ្យសហគមន៍ និងផ្លូវបេតុង៣ខ្សែនេះ និងសមិទ្ធផលដទៃទៀត គឺជាលទ្ធផលដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដោយគិតគូរយកចិត្តទុកដាក់អប់រំចាប់តាំងពីកុមារតូចៗឡើងទៅ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតនៅឃុំកោះឧកញ៉ាតី ក៏ដូចប្រជាពលរដ្ឋទូទៅ ឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម, ភាពចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិជាបន្តទៀត៕