(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៤ មិថុនា ២០១៨ បានជួបសំណេះសំណាល ប្រជុំដាក់ចេញផែនការនានាជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ឫស្សីកែវ និងសមាជិកបក្ស គ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ចំនួន​១,១៦៧នាក់​។

ក្នុងជំនួបនេះ លោកប្រធានក្រុមការងារចុះជួយខណ្ឌ បានលើកឡើង ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ។

លោក អូស្មាន ហាស្សាន់ បន្តថា​ក្រុមការងារចុះជួយសង្កាត់ និងភូមិទាំងអស់ក្នុងសង្កាត់ ត្រូវដឹងថា តើមានចំនុចអ្វីដែលយើងត្រូវការ និងកែអំអរ​ក្នុងតំបន់យើងបន្តទៀត នៃការគ្រប់គ្រងសមាជិកបក្ស និងបង្កើនសមាជិកថ្មី ដើម្បីបន្តទទួលជយលាភីក្នុងការបោះឆ្នោត​តំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី​២៩ ខែកក្កដា ២០១៨ខាងមុខនេះ។

ជាមួយគ្នានោះដែរ លោក អូស្មាន ហាស្សាន់ ក៏បានអាននូវគោលនយោបាយសំខាន់ៗ ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបន្តអនុវត្ត៥ឆ្នាំ នាអាណត្តិទី​៦ ឆ្នាំ​២០១៨-​២០២៣​ផងដែរ៕