(ភ្នំពេញ)៖ មជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ នឹងក្លាយជាទីតាំងពិព័រណ៌អឺរ៉ុប ដំបូងគេបង្អស់ ដែលត្រូវបានរៀបចំដោយ សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា ឧបត្ថម្ភដោយ ក្រុមហ៊ុន Cambodia Airports តំណាងដោយលោក Eric Delobel និងទទួលការគាំទ្រពីគណៈប្រតិភូ សហភាពអឺរ៉ុប ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួម ពីសភាពាណិជ្ជកម្មជាតិ នៃបណ្ដាប្រទេសនៅអឺរ៉ុប និងសមាគមធុរកិច្ច ចំនួន៥នៅកម្ពុជា រួមមានសភាពាណិជ្ជកម្មបារំាង ( CCIFC) សភាពាណិជ្ជកម្មអាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្មអង់គ្លេស( BritCham) សភាពាណិជ្ជកម្ម អ៊ីតាលី (ICBA) និងសភាពាណិជ្ជកម្មអឺរ៉ុបខាងជើង (NordCham ប្រទេសន័រវេ ដាណឺមាក ស៊ុយអែត ហ្វាំងឡង់ និងអ៊ីស្លង់ )។

កម្មវិធីនេះ ដែលអនុញ្ញាតឲ្យមានការចូលរួមទស្សនាដោយសេរី នឹងត្រូវសម្ពោធបើកជាផ្លូវការ ក្រោមអធិបតីភាព របស់លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម, លោក Simone Pieri ភារធារីនៃប្រតិភូសភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក Arnaud DARC ប្រធាសភាពាណិជ្ជកម្មអឺរ៉ុប ។ កម្មវិធីនេះ នឹងប្រព្រឹត្ដិទៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ អគារK និង L ពីថ្ងៃទី២៩​ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ។

លោក Simone Pieri បានថ្លែងថា «ខ្ញុំមានក្ដីរីករាយជាពន់ពេក ដោយបានចូលរួមចំណែកនៅក្នុងប្រព្រឹត្ដិការណ៍ ពិព័រណ៌អឺរ៉ុប លើកដំបូង ដែលចូលរួមដោយអ្នកជំនួញអឺរ៉ុប នៅកម្ពុជា ។ខ្ញុំសង្ឃឹមថា ពិព័រណ៌នេះ នឹងត្រួសត្រាយផ្លូវ សម្រាប់ភាពជាដៃគូ ថ្ងៃអនាគតរវាងក្រុមហ៊ុន អឺរ៉ុប និងក្រុមហ៊ុនកម្ពុជា ក៏ដូចជាការបង្កើនភាពល្បីល្បាញនៃឈ្មោះ ក្រុមហ៊ុន នៅកម្ពុជាដែរ»។

លោកបន្ដថា «យើងខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានជួយផ្ដល់ការគាំទ្រ ដល់ការៀបចំពិព័រណ៌អឺរ៉ុប លើកទីមួយនេះ ដោយសារក្រុមហ៊ុន យើងគឺជាក្រុមហ៊ុនវិនិយោគអឺរ៉ុបមួយដែលលេចធ្លោជាងគេ និងជាក្រុមហ៊ុនមួយ ដែលចូលមកវិនិយោគទុនមុនគេនៅកម្ពុជា ។ការអភិវឌ្ឍន៍ដ៏ធំធេង នៃការហោះហើរ ផ្លូវអាកាសរបស់កម្ពុជាគិតតាំងពីពេលដែល យើងចាប់ផ្ដើមប្រតិបត្ដិការ ព្រលានយន្ដហោះអន្ដរជាតិកាលពី ២៣ឆ្នាំមុន ពិតជាបង្ហាញយ៉ាងច្បាស់ថា តើក្រុមហ៊ុនបារំាង ដូចជា VINCI Airport ដែលសកម្មយ៉ាងខ្លាំងនៅអឺរ៉ុប ក៏ដូចជានៅលើពិភពលោក ទាំងមូលនេះ ពិតជាអាចបង្កើតតម្លៃបន្ថែម ក្នុងរយៈពេលវែង ជូនប្រទេសកម្ពុជា បានបែបណា តាមរយៈជំនាញរបស់ក្រុមហ៊ុន ក្នុងនាមជាប្រតិបត្ដិករលំដាប់ពិភពលោក បូករួមនឹងការយល់ដឹងដ៏ស៊ីជម្រៅរបស់ក្រុមហ៊ុនអំពីកម្ពុជា ព្រមទាំងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយទំនុកចិត្ដរឹងមាំ និងមានប្រសិទ្ធិភាព។ យើងខ្ញុំក៏ចង់ចែករំលែកផងដែរ នូវបទពិសោធន៍របស់យើង ជាមួយក្រុមហ៊ុន អឺរ៉ុបផ្សេងទៀត ដែលចង់ស្វែរកឱកាសធ្វើធុរកិច្ច នៅកម្ពុជា និងចូលរួមក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់កម្ពុជា» ។

សូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ ពីព្រោះលោកអ្នកអាចជួបអ្នកជំនាញមកពីក្រុមហ៊ុន និងអង្គការអឺរ៉ុបល្បីៗ និងអាចឃើញសេវាកម្ម និងផលិតផលម៉ាកល្បីៗដែលយើងយកមកពីអឺរ៉ុប មកតាំងពីនៅកម្ពុជា ។នេះក៏ជាឱកាសដ៏ល្អមួយដែរ ដែលលោកអ្នកអាចភ្លក់អាហារ និងភេសជ្ជៈអឺរ៉ុប ឆ្ងាញ់ៗ ។ក្នុងនោះក្រុមហ៊ុនប្រមាណ ៤០ មកពីអឺរ៉ុប បានចុះឈ្មោះចូលរួមតាំងពិព័រណ៌ផលិតផលរបស់ខ្លួន ហើយយើងសង្ឃឹមថា មានក្រុមហ៊ុនផ្សេងៗនឹងមកចូលរួមផងដែរ ។ ក្រុមហ៊ុនដែលចុះឈ្មោះហើយ នឹងតាំងផលិតផលយានយន្ដ ចំណីអាហារ ភេសជ្ជៈនិងផលិតផលជាច្រើនមុខទៀត សុទ្ធតែម៉ាកល្បីៗពីក្រៅប្រទេស ដែលមានការបញ្ចុះតម្លៃ ពិសេសផងដែរ ។

លោក Arnaud Darc ប្រធានសភាពាណិតជ្ជកម្មអឺរ៉ុប ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានថ្លែងថា ព្រឹត្ដិការណ៍ពិព័រណ៌នេះ នឹងឆ្លើយតប ទៅក្រុមអ្នកជំនួញផង និងជាលក្ខណៈគ្រូសារផង ។ គំនិតរបស់ខ្ញុំចង់ឃើញការតាំងពិព័រណ៌នេះ មានលក្ខណៈសាមញ្ញ ដែលបង្ហាញពីបរិយាកាសបែបអឺរ៉ុប។

លោកបន្ដថា «យើងមានគម្រោងពិព័រណ៌នេះយូរណាស់មកហើយ ហើយមានបំណងរៀបចំព្រឹត្ដិការណ៍នេះ រៀងរាល់២ឆ្នាំម្ដង ។ដោយសារតែសេដ្ឋកិច្ចរបស់កម្ពុជានៅបន្ដកើនឡើង យើងជឿជាក់ថា ផលិតផលទំនើបរបស់អឺរ៉ុប និងដណ្ដើមបានទីតាំងនៅលើទីផ្សាររបស់កម្ពុជា» ។

សូមចូលរួមព្រឹត្ដិការណ៍ពិព័រណ៌ដ៏អស្ចារ្យនេះ ទាំងអស់នៅកោះពេជ្រ នាចុងខែមិថុនា ខាងមុខនេះ !