(ស្វាយរៀង)៖ ព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងស្វាយរៀង និងលោក សំ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអនុប្រធាន ក្រុមការងារថ្នាក់កណ្ដាល ចុះជួយក្រុងស្វាយរៀង បានចុះសំណេះសំណាល សួរសុខទុក្ខ មេគ្រួសារគណបក្សប្រជាជនកម្ពុជា ចំនួន៣១៤គ្រួសារ នៅក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង។
ពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ មានការចូលរួមពីលោក យូ ប៊ុន្នី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុងស្វាយរៀង, លោក កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង និងក្រុមការងារមន្ទីរសុខាភិបាលខេត្ត ក្រុមប្រឹក្សាគណបក្សក្រុងស្វាយរៀង ហើយនិងគណៈកម្មាធិការគណបក្សសង្កាត់ស្វាយរៀង។
លោក ទេព កុសល អនុប្រធានសាខាបក្សភូមិស្វាយរៀង បានធ្វើរបាយការណ៍សង្ខេប អំពីសភាពការណ៍នយោបាយនៅក្នុងភូមិ និងការធ្វើបច្ចុប្បន្នភាពគ្រួសារបក្ស។
លោក កែរ រដ្ឋា បានលើកឡើងថា ពិធីសំណេះសំណាលនេះ ជាលើកទី៧ហើយ នៅក្នុងសង្កាត់ស្វាយរៀង ហើយភូមិស្វាយរៀងនេះ ជាភូមិចុងក្រោយ។ ក្រោយពីស្តាប់របាយការណ៍របស់លោក ទេព កុសល អនុប្រធានសាខាបក្សភូមិស្វាយរៀងមក ក្រុមការងារសង្កេតឃើញថា ភូមិស្វាយរៀងមានការរីកចម្រើនយ៉ាងខ្លាំង ប្រជាពលរដ្ឋមានជីវភាពធូរធារច្រើន ។
លោក កែរ រដ្ឋា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល ប្រធានគណបក្សខេត្ត ធ្វើឱ្យខេត្តស្វាយរៀកកែប្រែមុខមាត់ និងរីកចម្រើនហួសពីការស្មាន ។
ចំណែកលោក ឌី វិជ្ជា ដែលជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងស្វាយរៀង និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តស្វាយរៀង បានខិតខំប្រឹងប្រែងជាមួយលោកអភិបាលខេត្ត ប្រែក្លាយទីក្រុងស្វាយរៀងជាទីក្រុងស្អាត ទទួលបានរំដួល២ទង ក្នុងឆ្នាំនេះ និងបានរៀបចំសង្រ្កាន្តស្វាយរៀងយ៉ាងអធិកអាធម ដែលមានប្រជាពលរដ្ឋជាងពីរម៉ឺននាក់ចូលរួមកំសាន្តសប្បាយ។
លោក កែរ រដ្ឋា សំណូមពរឲ្យសមាជិកទាំងអស់បន្តគាំទ្រ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានអសន:ច្រើនលើសលុបក្នុងរដ្ឋសភា និងដើម្បីការពារនូវសន្តិភាព និងការអភិវឌ្ឍន៍។
លោក សំ សេរីរ័ត្ន បានមានមតិលើកឡើងអំពីការរីកចម្រើនរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព សុវត្តិភាព អ្នកវិនិយោគដាក់ទុនមករកស៊ី ទោះបីជាប្រទេសកម្ពុជានឹងរៀបចការំបោះឆ្នោតនៅខែខាងមុខក៏ដោយ ។
លោក ជុក មុន្នី បានថ្លែងថា ប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ គឺដោយសារគណបក្សប្រជាជនកម្ពុជា ។ ក្នុងឆ្នាំ២០១៨ នេះ ប្រាក់បៀវត្សមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ ត្រូវបានតម្លើង និងបានបើកមុនចុងខែជានិច្ច ។ ការទទួលបាននូវសេវាថែទាំសុខភាពដោយមិនគិតថ្លៃ ទាំងកម្មករក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ កីឡាករ ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ជំនួយការភូមិ មន្ត្រីរាជការ ក្រុមដោះមីន ។ល។
ខេត្តស្វាយរៀង បានទទួលជោគជ័យធំៗ ៣ ៖
ទី១៖ ការរៀបចំសង្រ្កាន្តស្វាយរៀងយ៉ាងអធិកអាធម ដែលមានប្រជាពលរដ្ឋជាងពីរមឺននាក់ចូលរួមកំសាន្តសប្បាយ ។
ទី២៖ ការរៀបចំពិធីច្រត់ព្រះនង្គល ក្រោមអធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះនរោត្តម សីហមុនី ដោយជោគជ័យ។
ទី៣ ៖ ការរៀបចំពិធីសំណេះសំណាលជាមួយកម្មកររោងចក្រនៅទីក្រុងបាវិត ចំនួន២ថ្ងៃ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោកកោតសរសើដល់សាខាបក្សភូមិទាំងអស់ដែលបានចងក្រងនូវសៀវភៅក្រុមបក្ស។ លោក ស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ។
ជាចុងក្រោយ គណៈអធិបតីបានជូនវត្ថុអនុស្សាវរីយ៍នូវ សារុងម្នាក់មួយ ដែលជាអំណោយរបស់លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៕