(កំពង់ចាម)៖ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន១១៨៩នាក់ នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តបោះបង់ចោលគណបក្សផ្សេង ហើយមកចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយតែមួយគត់ តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជានាយករដ្ឋមន្ត្រី ដែលបានកើតចេញ ពីការតស៊ូដ៏អង់អាចក្លាហាន យកជីវិតធ្វើដើមទុន ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងបានឆ្លងកាត់សមរភូមិ ដ៏កាចសាហាវ ដែលគ្មានឥស្សរៈជន គណបក្សនយោបាយណាធ្វើបាននោះទេ ។
លោកបានបន្ថែមថា មិនត្រឹមតែបានរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព និងបានរំលត់ភ្លើង សង្គ្រាម ស៊ីវិលរ៉ាំរៃ ដោយជោគជ័យ តាមរយៈនយោបាយឈ្នះ-ឈ្នះ ។ អ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ឋិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា ។
តំណាងរាស្ដ្ររូបនេះ បានបញ្ជាក់ទៀតថា ការបន្ថែមកម្លាំងរបស់សមាជិកជាង១០០០នាក់នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា នឹងដណ្ដើមបានជ័យជំនះ នៅថ្ងៃបោះឆ្នោត ខាងមុខនេះ ។ ហើយលោកក៏អំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាដើម្បីកសាងប្រទេស ឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន ដោយអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសតទៅទៀត ដែលនាំមកនូវសុខសន្ដិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ៕