(ពោធិ៍សាត់)៖ ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ នៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យលោកគ្រូ-អ្នកគ្រូ ប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅក្នុងការជ្រើសរើស អ្នកដឹកនាំដែលខ្លួនពេញចិត្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលឱកាសប្រើសិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត រយៈពេល៥ឆ្នាំមានម្តង។
លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា ក្នុងរយៈពេល៥ឆ្នាំម្តង លោកគ្រូ អ្នកគ្រូ មានឱកាសប្រើសិទ្ធិរបស់ខ្លួន នៅក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត។ ដូច្នេះសូមលោកគ្រូ អ្នកគ្រូ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ដើម្បីគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាបន្តទៀត ព្រោះថាសិទ្ធិសេរីភាពរបស់លោកគ្រូ អ្នកគ្រូ មិនមែនជាចំណាប់ខ្មាំង របស់អ្នកនយោបាយណាមួយទេ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានបើកសិទ្ធិទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋ សម្រាប់ការជ្រើសរើសមេដឹកនាំ ដោយមិនមានការបង្ខិតបង្ខំណាមួយឡើយ។
លោកបានលើកឡើងថា លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្ដាយទី២ ដែលបានបណ្ដុះបណ្ដាលអប់រំ មនុស្សម្នាក់ៗ ឲ្យក្លាយជាធនធានដ៏ល្អ សម្រាប់គ្រួសារ ខ្លួនឯង និងសង្គមជាតិ ដែលនេះគឺជាកិច្ចការសំខាន់ មិនអាចកាត់ថ្លៃ បានព្រោះថា ប្រទេសជាតិមួយរឹងមាំ គឺដោយសារប្រជាពលរដ្ឋរឹងមាំ ប្រជាពលរដ្ឋខ្លាំងក្លា ប្រជាពរដ្ឋមានសមត្ថភាព ចំណេះដឹង សីលធម៌ និងគុណធម៌ដែលទាំងអស់នេះ បានធ្វើឲ្យប្រទេសយើង រីកចម្រើនតាំងពីយើង បញ្ចប់សង្រ្គាមមក។
លោក ហ៊ុន ម៉ាណែត បន្ដទៀតថា លោកគ្រូ អ្នកគ្រូ គឺជាសេដ្ឋីចិត្តបុណ្យ នៃកេរ្ត៍ឈ្មោះ ដែលមានទ្រព្យសម្បត្តិមហាសាលនោះគឺ ចំណេះដឹង សីលធម៌ គុណធម៌ ដែលទ្រព្យសម្បត្តិដ៍មានតម្លៃនេះ លោកគ្រូ អ្នកគ្រូ ចែករំលែកទៅដល់សិស្សរាប់រយរាប់ពាន់នាក់ ឲ្យក្លាយជាមនុស្សមានចំណេះដឹងសីលធម៌ គុណធម៌ ហើយបានកសាងអភិវឌ្ឍប្រទេស ធ្វើឲ្យមានការរីកចម្រើនដល់ប៉ុណ្ណេះ។
ក្នុងឱកាសនោះ លោកក៏សូមថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំយកចិត្តទុកដាក់ នៅក្នុងការកសាងមនុស្ស នៅក្នុងការចែករំលែកចំណេះដឹង សីលធម៌គុណធម៌ កសាងអនាគត របស់មនុស្សម្នាក់ៗ ឲ្យបានច្រើន។
លោកបានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ទៅលើការងារនេះ ជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែងការចំណាយរបស់រាជរដ្ឋាភិបាលខ្ពស់ លើវិស័យអប់រំបើប្រៀបធៀប នឹងវិស័យផ្សេងៗ និងផ្តោតសំខាន់លើការ យកចិត្តទុកដាក់ លើជីវភាពរបស់លោកគ្រូ អ្នកគ្រូ តាមរយៈការតម្លើងប្រាក់បៀវត្សលោកគ្រូ អ្នកគ្រូ ការបណ្តុះបណ្តាលសមត្ថភាព និងបង្កើនលទ្ធភាពលោកគ្រូ អ្នកគ្រូ ក្នុងការចែករំលែកចំណេះដឹង ដល់សិស្សានុសិស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ។ នេះគឺជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល និងជាមោទនភាពរបស់វិស័យអប់រំរបស់យើង។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយ និងចក្ខុវិស័យរបស់មេដឹកនាំ គឺសំខាន់ណាស់ ដើម្បីដឹកនាំប្រទេសយើងរីកចម្រើនទៅមុខ។ ដូច្នេះសូមលោកគ្រូ អ្នកគ្រូ បន្តជឿទុកចិត្តអ្នកកាន់ចង្កូតនាវាកម្ពុជា គឺគាំទ្រ ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាបន្តទៅទៀត និងយើងរួមគ្នា ដើម្បីឲ្យនាវាកម្ពុជាឆ្ពោះទៅមុខ តាមទិសដៅដែលល្អ និងដើម្បីធានានិរន្តរភាព ធានាការរីកចម្រើន ធានារួមគ្នាក្នុងការកែលម្អចំណុចអវិជ្ជមាន និងពង្រឹងទូកយើងឲ្យកាន់តែលឿនទៅមុខ៕