(ពោធិ៍សាត់)៖ ថ្លែងចេញពីខេត្តពោធិ៍សាត់ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកការងារយុវជន បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ ដូច្នេះមានតែការបោះឆ្នោតតែមួយគត់ និងជាវិធីសាស្ត្រតែមួយគត់ ដែលជ្រើសរើសអ្នកដឹកនាំប្រទេស ប្រកបដោយសន្តិវិធី ដោយយុត្តិធម៌ និងបែបលទ្ធិប្រជាធិបតេយ្យ។

ការលើកឡើងយ៉ាងដូច្នេះ របស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសកម្មជនយុវជន និងបញ្ចូលសមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥១ ដោយអ្នកស្នេហាជាតិរួមគ្នា ដើម្បីកសាងប្រទេសយើង រំដោះប្រទេសជាតិយើង ពីសង្គ្រាមចក្រពត្តិ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត រំដោះការកាប់សម្លាប់គ្នា ដោយសារគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលយើងបានរំដោះប្រជាពលរដ្ឋយើង តាំងពីបាតដៃទទេរហូតមក ដល់មានការរីកចម្រើនបានប៉ុណ្ណោះ។

លោកថា បក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលដឹកនាំប្រទេសយូរជាងគេ មានបទពិសោធន៍ច្រើនជាងគេ និងជាគណបក្សដែលធំជាងគេ។ ដូច្នេះការចូលរួមរបស់យុវជន ជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជាការចៃដន្យទេ គឺឆ្លងកាត់ការវាយតម្លៃ របស់គណៈកម្មការបក្ស ព្រោះសកម្មជនយុវជន គឺជាតំណាងរបស់បក្ស ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ គុណធម៌ មានការទទួលខុសត្រូវ ចំពោះភារកិច្ច ដែលបក្សប្រគល់ឲ្យ ដើម្បីបម្រើបក្សនិងបម្រើប្រជាជន។

ជាមួយគ្នានោះ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកការងារយុវជន បានលើកឡើងថា ប្រទេសកម្ពុជា ប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលនៅក្នុងនោះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ប៉ុន្តែមិនមែនមានតែគណបក្សមួយទេ ហើយប្រជាជនមានសិទ្ធិសេរីភាព នៅក្នុងការជ្រើសរើសជាមួយគណបក្សនយោបាយណា ដែលខ្លួនពេញចិត្ត។

លោកបន្ដថា ជាក់ស្ដែងការចូលរួមរបស់យុវជន ជាមួយនឹងគណបក្សប្រជាជនកម្ពុជា គឺគ្មានការបង្ខិតបង្ខំណាមួយឡើយ។ យើងស្រលាញ់បក្ស យើងជួយបក្ស នៅពេលដែលបក្សឈ្នះ គឺបក្សជួយប្រជាជនយើង ជួយដល់គ្រួសារយើង ជួយផ្ដល់ឱកាសគ្រប់បែបយ៉ាងដល់យុវជនបន្តទៀត។ នេះគឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់បងប្អូនយុវជន។ នេះគឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវ និងជាកិត្តិយសរបស់បងប្អូនយុវជន ហើយខ្ញុំសូមអរគុណចំពោះការសម្រេចចិត្តនេះ។

លោកបន្ដថា សូមយុវជនយល់អំពីតម្លៃ និងអ្វីដែលជាមោទនភាពរបស់យើង ជាកិត្តិយសរបស់យើងជាយុវជនគណបក្ស ជាអ្នកបន្តវេនពីជំនាន់ឪពុកម្ដាយយើង ហើយយើងបន្តកសាងឲ្យកាន់តែល្អ ដើម្បីផ្ទេរទៅឲ្យជំនាន់ កូនយើង ជំនាន់ចៅយើងជាបន្តបន្ទាប់ទៀត។ សូមថ្លែងអំណរគុណ និងកោតសរសើរ ក្រុមការងារគណបក្សខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ នៅក្នុងការកសាងធនធានមនុស្សរបស់បក្ស មានរចនាសម្ព័ន្ធ ចាត់តាំងច្បាស់លាស់ បំពាក់បំប៉នស្មារតី សតិអារម្មណ៍ និងគោលនយោបាយច្បាស់លាស់ យុវជនយល់អំពីកាតព្វកិច្ចរបស់ខ្លួនច្បាស់លាស់ នេះហើយគឺជាភាពឈ្នះ និងជានិរន្តរភាពរបស់យើង។

ក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបញ្ចប់សង្គ្រាម កសាងប្រទេសឲ្យមានការរីកចម្រើន ប្រកាន់របបប្រជាធិបតេយ្យ ប៉ុន្តែគណបក្សប្រឆាំង បានរៀបចំផែនការបំផ្លាញប្រជាធិបតេយ្យ បំផ្លាញសុខសន្តិភាព បំផ្លាញសន្តិសុខ សេដ្ឋកិច្ចនៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបះបោរ។ គេប្រើប្រាស់ឧបាយកលគ្រប់បែបយ៉ាង ដែលគេគិតថាមាន បរទេសនៅពីក្រោយ។ ប៉ុន្តែប្រវត្តិសាស្រ្ត បានបង្ហាញឲ្យឃើញច្បាស់ហើយថា ដោយសារតែការលូកដៃរបស់បរទេស នៅពីក្រោយនេះហើយ បានធ្វើឲ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាម។

លោកថ្លែងថា ដូច្នេះសូមយុវជនត្រូវយល់ឲ្យច្បាស់ និងត្រូវចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងជំរុញឲ្យប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស ឲ្យមានការរីកចម្រើន។ សូមឲ្យយុវជនកុំចូលរួមសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់សន្តិសុខ និងស្ថេរភាពសង្គម និងចូលរួមទប់ស្កាត់ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន និងថ្កោលទោស ចំពោះបុគ្គល នយោបាយទាំងឡាយណា ដែលធ្វើឲ្យខូចប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ យើងធ្វើដើម្បីការពារយុត្តិធម៌សម្រាប់ខ្លួនយើង ប្រជាជននិងនិងគណបក្សរបស់យើង។ យើងគោរពច្បាប់ ការពារនីតិរដ្ឋ ឯករាជ្យអធិបតេយ្យភាពអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការជ្រៀតជ្រែករបស់បរទេស។

ទន្ទឹមគ្នានោះ លោកក៏សូមឲ្យយុវជន និងសមាជិកសមាជិកាទាំងអស់ ទៅបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា និងជំរុញប្រជាពលរដ្ឋទៅបោះឆ្នោតគាំទ្រ និងលើកទឹកចិត្តដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសឲ្យ រីកចម្រើនជាបន្តទៀត។ នេះហើយគឺជាអនាគតជាតិរបស់យើង នេះគឺជាអ្វីដែលយើងត្រូវធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីការពារនីតិរដ្ឋ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការពារលទ្ធិប្រជាធិបតេយ្យ ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសិទ្ធិដើម្បីបម្រើប្រជាពលរដ្ឋតទៅទៀត។ ព្រោះថា អនាគតរបស់យើង គឺពឹងផ្អែកលើរាជរដ្ឋាភិបាល ដែលមានបទពិសោធន៍សមត្ថភាព រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីយើងទាំងអស់គ្នា៕