(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីរោងចក្រ ដែលមកទទួលសេវាព្យាបាលសុខភាព នៅមន្ទីរពេទ្យ ព្រះអង្គឌួង ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី បានថ្លែងថា «សូមកូនក្មួយម្មករ-កម្មការិនី មកពិនិត្យសុខភាពឲ្យបានញឹកញាប់ ទោះបីជាយប់ក្តី ព្រោះគ្រប់មន្ទីរពទ្យរដ្ឋ គឺបើកទទួលព្យាបាល ២៤ម៉ោង/២៤ម៉ោង ។ដូច្នេះ សូមក្មួយៗចៅៗទាំងអស់ ដែលជាកម្មករ-កម្មការិនី ខិតខំបំពេញកិច្ចការងារឲ្យបានល្អ ហើយត្រូវថែរក្សាសុខភាពជាប្រចាំផងដែរ បើមានស្ថានភាពមិនស្រួល មកទទួលសេវាពិនិត្យសុខភាព នៅមន្ទីររដ្ឋមក មិនអស់ថវិកាព្យាបាលទេ ហើយគ្រូពេទ្យ នឹងយកចិត្ដទុកដាក់បងប្អូន ហើយបើមានចំនុចខ្វះខាតណាមួយ យើងនឹងបំពេញជូនប្រជាពលរដ្ឋ »។
រដ្ឋមន្រ្តីបន្ដថា «សេវាសុខនេះជូនបងប្អូនកម្មករ កម្មការិនី ជាការងារមួយដ៏សំខាន់ ដែលយើងត្រូវរួមគ្នាបំពេញការងានេះ ហើយសម្រាប់ក្រុមគ្រូពេទ្យយើងនៅគ្រប់មូលដ្ឋានទាំងអស់ កីបានខិតខំប្រឹងប្រែង ប្រតិបត្ដិការ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលសម្ដេច តែងតែ ជំរុញ និងបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់បងប្អូនកម្មករ កម្មករិនី ដើម្បីចូលរួមកាត់បន្ថយភាពលំបាករបស់ពួកគាត់» ។
សូមជម្រាបថា សម្រាប់កម្មករ-កម្មការិនីរោងចក្រ សហគ្រាស គឺតែងតែមកពិនិត្យសុខភាព រៀងរាល់ថ្ងៃអាទិត្យច្រើនជាងគេ សម្រាប់នៅមន្ទីរពេទ្យព្រះអង្គឌួង មានកម្មករ-កម្មការិនីរោងចក្រ មកពិនិត្យសុខភាព យ៉ាងតិច៣០០នាក់ ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានធ្វើការអំពាវនាវដល់ កម្មករ កម្មការិនី មកទទួលសេវាពិនិត្យព្យាបាល ឲ្យបានគ្រប់គ្រាន់ និងរៀងរាល់ពេលដែលពួកគាត់ឈឺ កុំចាំដល់ថ្ងៃអាទិត្យនោះ ទោះយប់ ឬចេញពីធ្វើការ អាចមកពិនិត្យសុខភាពបានគ្រប់ពេល ជាមួយមន្ទីរពេទ្យរដ្ឋ ដែលបានបើកទទួលព្យាបាល ២៤ម៉ោង\២៤ម៉ោងនោះ ៕