(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៤៨១គ្រឿង រកឃើញល្មើសច្បាប់២៣៦គ្រឿង (ម៉ូតូ៦៥ភាគរយ) អប់រំ១១២គ្រឿង និងផាកពិន័យ១២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន៥២២គ្រឿង អប់រំ៣១គ្រឿង និងផាកពិន័យចំនួន៧៥គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៥០១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥២,៥២៨គ្រឿង រកឃើញយានយន្តល្មើស៨,១១៤គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៤,១៥៤គ្រឿង និងផាកពិន័យ ៤,៩៦០គ្រឿង (ម៉ូតូ៩៩%)៕