(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ និងផ្តល់ថ្នាំព្យាបាលជំងឺជូនពលរដ្ឋមកពីបណ្តាភូមិនានា នៅសាលាបឋមសិក្សា ប៊ុន រ៉ានីហ៊ុន សែន ពពេល ស្តិតនៅក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន៤៣០នាក់ ដោយឥតគិតថ្លៃ។
លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម តំណាងរដ្ឋមន្ត្រី វង សូត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានយក ចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខ របស់ ប្រជាពលរដ្ឋ ក្នុងនោះបញ្ហានៃសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់បំផុត ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុក វិស័យ សុខាភិបាល ជាវិស័យអាទិ៍ភាពខ្ពស់បំផុត។
លោកបានបន្តថា កម្ពុជាកំពុងមានការអភិវឌ្ឍនៅ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ ហើយបន្ថែមពីលើនេះថ្នាក់ដឹកនាំកំពូលៗរបស់ ជាតិបានសម្រេចបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមដើម្បីចុះពិនិត្យ និងផ្តល់ថ្នាំព្យាបាលជំងឺជូនបង ប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងទូទាំងប្រទេសដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ លោក កែវ ពិសិដ្ឋ បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋចេះការពារខ្លួនពីជំងឺផ្សេងៗដែលយើងអាចការពារបាន តាមរយៈ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត។
ទាក់ទងទៅនឹងការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ឯកឧត្តម កែវ ពិសិដ្ឋ បានអំពាវនាវអោយ បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងអស់ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ដោយលោកបានគូសបញ្ជាក់ថា ប្រសិនបើបងប្អូនខកខាន មិនបានទៅបោះឆ្នោតមានន័យថា បងប្អូនបានបោះបង់សិទ្ធិជាម្ចាស់ឆ្នោត ម្ចាស់អំណាចដ៏គួរអោយសោក ស្តាយបំផុត។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្រ្តី វង សូតដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត អាន សាយ ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៥០នាក់ បានចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ក្នុងការព្យាបាលជំងឺគ្រប់មុខ។
គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន៨ទីតាំងរួចមកហើយ រួមមាននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៦០០នាក់ ដោយឥតគិតថ្លៃ និង នៅវត្តកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៧០០នាក់ និងនៅវត្តអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជិត១០០០នាក់ និងវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មំ ជាង៥០០នាក់ និង ជួយដលើប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង ចំនួន៨១០នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ៦៣៥នាក់ ដោយឥតគិតថ្លៃ នៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាក់ស្តែងនៅថ្ងៃនេះ ប្រជាពលរដ្ឋ៥១៧នាក់ ក៏បានទទួលការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ នៅក្នុងវត្តកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងថ្ងៃនេះ បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ចំនួន៤៣០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សា ប៊ុន រ៉ានីហ៊ុន សែន ពពេល ស្តិតនៅក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានចេញសម្រេចមួយ ស្តីពីការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្ត្រី វង សូត ដែលមានសមាសភាពកើនរហូតដល់៥០រូបហើយ ក្នុងការចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង។
យោងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស័គ្រ្មចិត្តនេះ មានភារកិច្ច ចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង ,អប់រំផ្សព្វផ្សាយ ពាក់ព័ន្ធនិងសុខភាព អនាម័យក្នុងសហគមន៍ ,រិះគន់មធ្យោបាយ និងរៀបចំផែនការ សកម្មភាពការងារ ចុះតាមឃុំនានា ចំណុះស្រុកពញាក្រែក និងឃុំជាច ខេត្តព្រៃវែង, សម្របសម្រួល សហការជាមួយគ្រប់ អង្គភាព ស្ថាប័នបក្ស និងរដ្ឋ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្រៅពីនោះ ក៏នៅមានតួនាទីសំខាន់ៗមួយចំនួនទៀត៕