Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ សម្រេចដាក់ក្រោមការត្រូតពិនិត្យ រឿងស្ត្រីម្នាក់ ដែលរងបណ្តឹងករណីជំពាក់ប្រាក់

24-06-2018 17:40

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានសម្រេចឲ្យស្ត្រីឈ្មោះ លី គីមហួរ ដែលរងបណ្តឹងរឿងលុយតុងទីន បានត្រឡប់ទៅផ្ទះវិញ ក្រោយរកមិនឃើញថា មានករណីព្រហ្មទណ្ឌលើបណ្តឹងមួយនេះ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានបញ្ចប់ការសាកសួរ នឹងបានបន្តបញ្ជូនសំណុំរឿង មកចៅក្រមស៊ើបសួរ ដើម្បីសម្រេច។

ពាក់ព័ន្ធដល់ការសម្រេចនេះ ចៅក្រមស៊ើបសួរ លោក កូយ សៅ ដែលទទួលចាត់ការលើដំណុំរឿងនេះ បញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការថា «តាមការពិនិត្យករណីនេះ ជារឿងរដ្ឋប្បវេណ្ណី ដោយផ្តើមពីការជំពាក់ប្រាក់ ហើយឯកសារដែលមានក្នុងសំណុំរឿង គឺជាភសត្តុតាងពោល មិនមានកើតក្តីព្រហ្មទណ្ឌនោះទេ»

លោក កូយ សៅ បន្ដថា ដូច្នេះតុលាការ សម្រេចលើរឿងក្តីនេះ ដោយដាក់នៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាមបទបញ្ញត្តិច្បាប់មានចែង។ បើតាមសមត្ថកិច្ច ស្ត្រីមានឈ្មោះ គឺ តាំងគឹមហួង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ តាមដីការបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងលុយ ចំនួន ២,៦៦០,៩៦០ ដុល្លារសហរដ្ឋអាមេរិក។

តាមការលើកឡើង របស់លោកមេធាវី ជា ភារ៉ា បានបញ្ជាក់ថា ករណីដែលសមត្ថកិច្ចឃាត់ខ្លួន កូនក្តីរបស់លោក ឈ្មោះ លី គីមហួរ បញ្ជូនទៅតុលាការនេះ ជារឿងអយុត្តិធម៌ណាស់ ត្បិតករណីនេះ គឺរឿង រដ្ឋប្បវេណី ដែលផ្តើមចេញពីកិច្ចសន្យា ជំពាក់ប្រាក់ ដោយមានគូភាគី ទាំងសងខាងទទួលស្គាល់ និងមានលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវ។

លោកមេធាវីរូបនេះ បានអះអាងថា បើទោះជាករណីជំពាក់ប្រាក់នេះ ផ្តើមចេញពីរឿងលេងតុងទីង ក៏ពិតមែន ប៉ុន្តែកូនក្តីលោក និងដើមបណ្តឹង បានធ្វើកិច្ចសន្យា ថ្មីមួយបញ្ជាក់អំពីការជំពាក់ប្រាក់ ដូច្នេះរឿងនេះ ជារឿងកិច្ចសន្យា មិនមែនជារឿងព្រហ្មទណ្ឌនោះទេ។ លោកមេធាវី សង្ឃឹមថា កូនក្តីលោកនឹងទទួលបានយុត្តិធម៌ ប្រសិនបើមិនមាន ការដាក់សម្ភាធលើតុលាការ ពីសំណាក់ដើមបណ្តឹង៕