(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទង្វើរបស់ស្ថានទូតអាមេរិកដែលបានបណ្ដេញបុគ្គលិកប្រមាណ៣២នាក់ ដែលម្នាក់ៗធ្វើការមិនតិចជាង១០ឆ្នាំ ឬអ្នកខ្លះរហូតដល់២០ឆ្នាំ កាលពីពេលថ្មីៗនេះ ក្រោមលេសចោទប្រកាន់ថា បានចែកចាយរូបភាពកុមារីយ៉ាងអាសអាភាស នៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook Messenger Chat group)នោះ ដោយគ្មានផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗអ្វីទំាងអស់ ដូចយើងទំាងអស់គ្នាបានឃើញនេះ គឺអាមេរិកពុំបានបង្ហាញភាពជាគម្រូដល់សិទ្ធិការងារអ្វីនោះទេ។

បានន័យថាបើអាមេរិកចង់បង្ហាញភាពជាគម្រូដល់សិទ្ធិការងារ ដូចអាមេរិកតែងអួតក្អេងក្អាងថា ប្រទេសខ្លួនជាជើងឯកប្រជាធិបតេយ្យ ឬជើងឯកសិទ្ធិមនុស្ស ឬជើងឯកសិទ្ធិការងារមែននោះ គឺអាមេរិកពុំគួរបណ្ដេញបុគ្គលិកទំាងនេះ យ៉ាងកំរោលដោយពុំបានស៊ើបអង្កេតឲ្យម៉ត់ចត់យ៉ាងដូច្នេះទេ។ ពីព្រោះថា បើអាមេរិកជាប្រទេសប្រកាន់ នីតិរដ្ឋយ៉ាងពិតប្រាកដមែននោះ គឺត្រូវបែងចែកឲ្យច្បាស់រវាងអ្នកទទួលរូបភាព និងអ្នកផ្ញើរូបភាពពីការប្រើប្រាស់ប្រព័ន្ធ (Facebook Messenger Chat group)។

ត្រង់ចំណុចនេះ ត្រូវយើងដឹងថា ឧបមាចំពោះរូបភាពកុមារី ដែលអាមេរិកបានលើកមកជាលេសក្នុងការបណ្ដេញបុគ្គលិកចេញពីការងារនេះ ថាមានលក្ខណៈអាសអាភាសមែនទៅចុះ។ ក្នុងចំណុចនេះដែរ ចំពោះពីការប្រើប្រាស់ប្រព័ន្ធ (Facebook Messenger Chat group) រវាងអ្នកទទួលរូបភាព និងអ្នកផ្ញើមានលក្ខណៈផ្ទុយគ្នាស្រទ្បះ។

មានន័យថា អ្នកទទួលគឺពុំមានចេតនាឬពុំមានបំណងអ្វីនោះទេ ពីព្រោះរូបភាពនេះ ត្រូវបានគេលួចបញ្ជួនមក។ ហើយករណីនេះ គឺខុសពីការប្រើ Facebook បើសាមីខ្លួនបាន Share ពីអ្នកដទៃនោះ។ ដោយស្ថិតក្នុងន័យនេះហើយ បើអាមេរិកចង់បង្ហាញថា ប្រទេសខ្លួនជាជើងឯកខាងសិទ្ធិមនុស្ស ឬសិទ្ធិការងារ ឬឲ្យដូចអ្នកខ្លះតែងអួតថា អាមេរិកជាឋានសួគ៌ ខាងគោរពសិទ្ធិការងារសព្វបែបយ៉ាងនោះ គឺអាមេរិកគួរតែបើកការស៊ើបអង្កេត ឬស្រាវជ្រាវថា តើនរណាជាអ្នកផ្ញើរូបភាពនេះ? បើពុំដូច្នោះទេ គឺអាមេរិកកំពុងប្រើទ្រឹស្ដីថា «ត្រីមួយកន្រក់ស្អុយមួយស្អុយទំាងអស់»។ ត្រង់ចំណុចហ្នឹងហើយ ដែលបង្ហាញថា «អាមេរិកពុំបានបង្ហាញភាពជាគម្រូដល់សិទ្ធិការងារ»នោះ។

លោក រត្ន័ សណ្ដាប់ បន្ដថាម្យ៉ាងទៀតបើនិយាយអំពីប្រពៃណីរវាងប្រុសខ្មែរ និងប្រុសនៅអាមេរិក ឬនៅអឺរ៉ុបនេះទៀតសោត គឺមានលក្ខណៈផ្ទុយគ្នាស្រទ្បះ។ បានសេចក្ដីថាបើនិយាយពីប្រុសៗខ្មែរ ចំពោះក្មេងស្រីក្រោមអាយុ១០ឆ្នាំ ដូចអាមេរិកបានចោទប្រកាន់នេះ បើឃើញមានការស្រាតងូតទឹកក៏គ្មាននរណាហ្នឹងចាប់អារម្មណ៍អ្វីដែរ ។ បើហេតុនេះ តើមានហេតុផលអ្វីដែលបុគ្គលិកប្រុសៗខ្មែរទំាងនេះ ទៅចាប់អារម្មណ៍រូបភាពកុមារីក្នុង(Facebook Messenger Chat group) ដោយអត់ប្រយោជន៍នោះ?

បើដូច្នេះចំពោះទង្វើស្ថានទូតអាមេរិក ដែលតែងអួតក្អេងក្អាងថាប្រទេសខ្លួនជាជើងឯកប្រជាធិបតេយ្យ ឬជើងឯកសិទ្ធិមនុស្ស ឬជើងឯកសិទ្ធិការងារសព្វបែបយ៉ាងនោះ ហើយតែងស្រែកប្រដៅប្រទេសនេះខុសអីចេះ ប្រទេសនោះខុសអីចុះ តែបែរជាប្រើនូវទង្វើបណ្ដេញបុគ្គលិកដោយពុំគិតពីសិទ្ធិការងារយ៉ាងដូច្នេះ គឺមិនខុសពីពាក្យថា «ការដែលនិយាយពីរឿងគេ គឺស្រួលណាស់ដូចបកចេកទុំ ផ្ទុយទៅវិញបើនិយាយពីរឿងខ្លួនឯងវិញគឺនិយាយមិនចេញទេពិបាកដូចបកចេកខ្ចីអីចឹង» ហ្នឹងឯង៕