(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ កំពុងផែពហុបំណងស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានតម្លៃប្រមាណ ៧៤លានដុល្លារអាមេរិកនឹងត្រូវសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីឆ្លើតបកំណើនសេដ្ឋកិច្ចជាតិ និងការឆ្លងកាត់ទំនិញ ដែលកើនឡើងកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីរបស់ជាតិកម្ពុជាដឹកនាំដោយរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជានេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ មន្រ្តីកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត។
ចំណតផែពហុបំណង ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ៧៤លានដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។
គម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងនៃកំពង់ផែក្រុងព្រះសីហនុនេះសាងសង់ដោយក្រុមហ៊ុន TOYO Construction Co., Ltd ចងសម្ព័ន្ធជាមួយក្រុមហ៊ុន MAEDA Corporation មកពីប្រទេសជប៉ុន ក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៤,៨០១,៩៩៣,៩០០យ៉េនជប៉ុន ត្រូវជាប្រមាណ ៤៧,៧០៥,០៨៥ ដុល្លារអាមេរិក ដែលចាប់ផ្តើមអនុវត្តការងារសាងសង់ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ និងបញ្ចប់នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មានរយៈពេល ៤២ខែ។
ដោយឡែកការងារលទ្ធកម្មនាវាសណ្តោងសមត្ថភាព ៣.២០០សេះ ០១គឿង ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Asian Marine Service Public Co., Ltd (ក្រុមហ៊ុនមកពីប្រទេសថៃ) ក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៦៣៣,៧៨០,០០០យ៉េនជប៉ុន ស្មើប្រមាណ ៦,៣០០,០០០ដុល្លារអាមេរិក។ ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន Nippon Koei Co., Ltd ចងសម្ព័ន្ធជាមួយក្រុមហ៊ុន Oriental Consultants Global Co., Ltd. JV មកពីប្រទេសជប៉ុន ក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៥៧១,៧២៨,៥១៤ យ៉េនជប៉ុន ស្មើប្រមាណ ៥,៦៧៩,៧៩៨ដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ដោយបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២, លេខ៣, លេខ៤ ផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ ចំណតផែនេះ អាចអនុញ្ញាតឲ្យនាវាដឹកទំនិញរាយកាន់តែធំជាងមុនមានចំណុះផ្ទុកដល់ ៥០ពាន់តោនអាចចូលចតបាន។
លោកទេសរដ្ឋមន្ត្រីបន្តថា ជារួមការតភ្ជាប់ទៅនឹងផ្លូវគមនាគមន៍សំខាន់ៗ និងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់កំពង់ផែ បានធ្វើឲ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស ព្រមទាំងមានតម្លៃថោក សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់។ ជាក់ស្តែងនាវាដឹកធ្យូងថ្មដែលពីមុន អាចដឹកបានត្រឹមតែ ១០ពាន់តោនក្នុងមួយជើងៗតែប៉ុណ្ណោះ ហើយក្នុងករណីមាននាវាធ្យូងថ្មធំៗ តម្រូវឱ្យធ្វើការផ្ទេរ-ផ្ទុក នៅសមុទ្រខាងក្រៅ មុននឹងចូលចតក្នុងកំពង់ផែ។ តែចាប់ពីពេលនេះតទៅនាវាទាំងនោះអាចដឹកធ្យូងថ្មបានរហូតដល់ ៥០ពាន់តោន ហើយនាវាដែលត្រូវដឹកទំនិញរាយ និងផលិតផលកសិកម្មក៏អាចដឹកចេញពីកំពង់ផែទៅវិញក្នុងបរិមាណច្រើនជាងមុន និងតម្លៃដឹកជញ្ជូនក៏ទាបជាងមុនដែរ។
រដ្ឋមន្ត្រីដែលកំពុងទទួលបានការគាំទ្រតាមរយៈស្នាដៃបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋរូបនេះ បានបន្ថែមថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងអាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង ៧០% នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត ចំណតផែពហុបំណងនេះ នឹងជួយគាំទ្រដល់មូលដ្ឋានភស្តុភារសម្រាប់ផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មបេ្រងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកឧស្សាហកម្មប្រេងបន្ថែមទៀតផងដែរ៕