Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី សេរី កុសល អំពាវនាវប្រជាជពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ការពារសន្តិភាព និងការអភិវឌ្ឍន៍

24-06-2018 17:03

(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមិថុនានេះ បានបន្តសកម្មភាពចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ការចុះសំណេះសំណាលនេះ ធ្វើឡើងនៅពីរពេល គឺពេលព្រឹក លោកជួបជាមួយប្រជាពលរដ្ឋ៤០០នាក់ នៅភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងពេលរសៀល ជួយប្រជាពលរដ្ឋនៅឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពីគ្រប់ភូមិ ចំនួន១៣០០គ្រួសារ។

ក្នុងពិធីសំណេះសំណាលនោះ ក្រៅពីការផ្តល់ជូនការពិសានំបញ្ចុករួមគ្នា សារ៉ុងម្នាក់មួយ និងថវិកាមួយចំនួនហើយនោះ លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានឧបត្ថម្ភការចាក់គ្រួសក្រហមធ្វើផ្លូវ និងផ្តល់សម្ភារមួយចំនួនទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងរំលឹកនូវអនុស្សាវរីយ៍របស់លោកជាមួយនឹង ប្រជាពលរដ្ឋនៅទីនោះ កាលពីអតីតកាល និងផ្តាំផ្ញើការសាកសួរសុខទុកពី សំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យផងដែរ។

លោកទេសរដ្ឋមន្ត្រី​ សេរី​​ កុសល បានជំរុញឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ត បោះឆ្នោតដើម្បីការពាររបបរាជនិយម និងបោះឆ្នោត ដើម្បីការពារសិន្តិភាព និងការអភិវឌ្ឍន៍។

លោកបានប្រាប់ប្រជាជពលរដ្ឋទៀតថា ដើម្បីឲ្យប្រទេសជាតិរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម, ភាពចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យនោះ គឺមានតែបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត៕