(កំពង់ធំ)៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានចុះសួរសុខទុកប្រជាពលរដ្ឋ នៅភូមិសុជុល ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក ជា អឿង បានមានប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាកខ្វះខាត របស់ប្រជាជននៅទូទាំងប្រទេស។
លោកបានលើកឡើងថា សមិទ្ធិផលដែលកើតមានឡើងនាពេលនេះ គឺជាសក្ខីភាព ដែលបង្ហាញនូវភាពរីកចម្រើន របស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងនៅទីក្រុង និងជនបទដាច់ស្រយ៉ាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។
លោក បានបន្តថាជាមួយនឹង ការទទួលបាននូវសមិទ្ធផលថ្មីៗខាងលើ វាជាឱកាសដ៏ល្អ ដើម្បីបង្ហាញពីភាពជិតស្និទ្ធ រវាងមន្ដ្រីគណបក្ស និងប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ ដើម្បីបានដឹងពីសុខទុក្ខ ស្ថានភាពនៃការអភិវឌ្ឍន៍ និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយជូនពួកគាត់ជាដើម។
នៅក្នុងឱកាសនោះដែរ លោកក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព ឱ្យបានកាន់តែប្រសើរឡើងថែមទៀតដើម្បី ផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ល្អជូនប្រជាពលរដ្ឋទូទាំងឃុំនិងស្រុក ជាពិសេសត្រូវពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់ សេវាសាធារណៈគ្រប់ ប្រភេទជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមិនត្រូវយកកម្រៃអ្វីទាំងអស់ ពីការធ្វើលិខិតស្នាមផ្សេងៗជូនដល់ ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល បានសម្រេចរួចមកហើយ មានជាអាទិ៍ សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ, សំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាព។ល។ លោកបានក្រើនរំលឹកដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងត្រូវស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់របស់ ប្រជាពលរដ្ឋដើម្បីចាត់វិធានការ ដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ចុងក្រោយ លោក បានអំពាវនាវដល់បងប្អូនអញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែ កក្តដា ឆ្នាំ ២០១៨ ខាងមុខ៕