(ឧត្តរមានជ័យ​)៖​ នាព្រឹកថ្ងៃទី២៤​ ខែមិថុនាឆ្នាំ២០១៨​នេះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ, សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សខេត្ត​ បានអញ្ចើញអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការបក្សឃុំក្រសាំង​ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ឆ្លៀតក្នុងឱកាសនោះ លោក ស ថាវី បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប បំពេញកាតព្វកិច្ចរបស់ខ្លួន ទៅបោះឆ្នោត នាខែកក្កដា ខាងមុខនេះ។

លោកស ថាវី បានមានប្រសាសន៍កោតសរសើរដល់លោក ឃ្លោក ហួត ជាប្រធានក្រុមការងារគណៈពង្រឹងឃុំក្រសាំងនិងក្រុមការងារ ដែលបានយកចិត្តទុកដាក់ក្នុងការចុះជួយដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាន ដោយមិនគិតពីរថ្ងៃឈប់សំរាក ដើម្បីឆ្លើយតបតាមតំរូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក។

លោកស​ ថាវី បានបន្តទៀថា សូមឱ្យប្រជាពលរដ្ឋទាំងអស់អញ្ចើញ ចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយរៀបចំឯកសារដែលគ.ជ.ប បានកំណត់​ហើយអញ្ជើញ បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨អោយបានគ្រប់គ្នាៗគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តគាំទ្របេក្ខភាពសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងបន្តអភិវឌ្ឍន៍ប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីថែមទៀត៕