(ត្បូងឃ្មុំ)៖ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងដំណើរការ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ដល់អ្នកសង្កេតការណ៍ ភ្នាក់ងារគណបក្ស ក្រុមការងារផ្នែកច្បាប់ និងមន្ត្រីពាក់ព័ន្ធប្រចាំក្រុង-ស្រុក ឃុំ-សង្កាត់ ក្រុងសួង និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅទីស្នាក់គណបក្សស្រុកត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សមាជិក-សមាជិកា គណបក្សគ្រប់រូប ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន និងការងារគណបក្ស។

លោក ចាយ បូរិន ក៏បានណែនាំដល់សមាជិកចូលរួមទាំងអស់ បន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវា ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែក និន្នាការនយោបាយ​សាសនា បក្សពួកឡើយ គឺដើម្បីបង្កើនចូលរួម គាំទ្រមកលើគណបក្សប្រជាជនកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។

អ្នកតំណាងរាស្រ្ត ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍជាតិ ការផ្តល់អ្វីៗ សព្វបែបយ៉ាងទៅឲ្យប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកតំណាងរាស្រ្ត ក៏បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលយើងត្រូវតែរួបរួមគ្នា ថែរក្សាវាឲ្យបានជានិច្ចនិរន្តន៍ ព្រោះខ្មែរបានភ្លក្សហើយនូវរសជាតិសង្គ្រាមកាលពីអតីត កាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទើបតែអាចបញ្ចប់សង្គ្រាមបានកាលពីឆ្នាំ១៩៩៨។

បន្ថែមពីលើនេះ អ្នកតំណាងរាស្រ្ត ក៏បានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់ដល់សមាជិកចូលរួមទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។

លោក ចាយ បូរិន ក៏បានលើកឡើងបន្ថែមផងដែរ ពីក្រមសីលធម៌អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍ របស់គណបក្សនយោបាយសម្រាប់អនុវត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយជំហរអព្យាក្រិតមិនលម្អៀង ដើម្បីចូលរួមធានា ឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តិទៅដោយសេរី សុចរិត យុត្តិធម៌ និងមានតម្លាភាព។

ជាមួយគ្នានោះ អ្នកតំណាងរាស្រ្ត ក៏បានលើកទឹកចិត្ត ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅមូលដ្ឋានយកចិត្តទុកដាក់ ជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ និងមានរូបទេវតាបាចផ្កាជាសំគាល់ ឲ្យបានគ្រប់ៗគ្នា៕