(ពោធិ៍សាត់​)៖​ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ភាពជោគជ័យវាអាស្រ័យ ដោយមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងមូលដ្ឋានខិតខំក្នុងការបម្រើសេវាសាធារណៈជូនប្រជា ពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសយុវជន ដែលជាកម្លាំងស្នូលរបស់បក្សត្រូវតែតស៊ូព្យាយាម ក្នុងការបំពេញភារកិច្ច​ ដើម្បីអនាគតខ្លួនឯងនិងសង្គមជាតិ។

​លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក សមាជិការយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ចំនួន៩៧២នាក់ ក្នុងនោះស្រី៥២៣នាក់ និងប្រគល់ជូនប័ណ្ណសរសើរចំនួន១៤១ដល់ អង្គភាព និងបុគ្គលដែលមានស្នាដៃល្អ នាព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៨ នៅស្នាក់ការធំអូរចំបក់ ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍ សាត់និងដោយបានការអញ្ជើញចូលរួមពី លោក​ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជារដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល លោក​ ម៉ៅ ធនិន ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្ត ព្រមទាំងលោក លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងយុវជនគ្រប់មន្ទីរ អង្គភាព ស្រុក ក្រុង ឃុំនិងសង្កាត់។

លោកបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានថ្លែងថា សុខ សន្តិភាព ស្ថេរភាពនិងមានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃគឺមិនមែនបានមកដោយចៃដន្យនោះទេ គឺពុះពារគ្រប់ឧបស័គ្គរាប់ មិនអស់ ហេតុនេះសូមឲ្យយុវជនដែលយើងតែងតែចាត់ទុកថាជាកម្លាំងស្នូល ជាធនធានមនុស្សដ៏មានឥទ្ធិពលរបស់បក្សប្រជាជន កម្ពុជា ត្រូវតែរួមគ្នាធ្វើ រួមគ្នាដោះស្រាយនិងរក្សាការពារសន្តិភាពនេះបន្តទៅទៀតប្រយោជន៍ដល់កូនចៅយើងក្រោយៗទៀត។

លោកបណ្ឌិត បានថ្លែងបន្តទៀតថា គោលដៅចម្បង និងសំខាន់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចគណបក្សនាពេលនេះក៏ដូច ទៅពេលខាងមុខនោះ គឺសូមឲ្យមន្ត្រីបក្ស គ្រប់ផ្នែក គ្រប់ថ្នាក់ រួមទាំងយុវជននិងអាជ្ញាធរដែនដីទាំងអស់បន្តការខិតខំ ប្រឹងប្រែង គ្រប់សកម្មភាពក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅពេលពួកគាត់មានតម្រូវការជួយដោះស្រាយឲ្យបានទូលំទូលាយ​និងប្រកបដោប្រសិទ្ធិភាព តម្លាភាព។ ឆ្នាំ២០១៨ជាឆ្នាំទី៥និងជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥នៃរដ្ឋសភានិងជាឆ្នាំដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩​ខែកក្កដា ត្រូវតែមានឆន្ទៈនិងយកចិត្តទុកដាក់​ប្តេជ្ញាចិត្តយ៉ាង មុតមាំក្នុងការធានាខ្សែក្រវ៉ាត់និងឲ្យកិច្ចដំណើរការបោះឆ្នោតទៅដោយសេរី ត្រឹមត្រូវ​យុត្តិធម៌ មានសុវត្ថិភាព ដើម្បី បន្តជម្រុញនិងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ដោយឈរលើគោលការណ៍ការពារឯករាជ្យ អធិបតេយ្យ សេចក្តីថ្លៃថ្នូនិងមោទនភាពរបស់បក្សប្រជាជនកម្ពុជាទូទាំងប្រទេសក្នុងនោះក៏មានខេត្តពោធិ៍សាត់ផងដែរ។កត្តាដែល សំខាន់ជាងនេះទៅទៀតនោះមន្ត្រីបក្សទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងរួមគ្នាបង្ការទប់ស្កាត់និងវាយបកឲ្យទាន់ សភាពការណ៍ដែលប៉ុនប៉ងធ្វើឲ្យសង្គមកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមនិងបាតុភាពអសកម្មនានា។

នៅក្នុងខណៈនោះក៏បាន សម្តែង នូវការកោតសរសើរនិងវាយតម្លៃខ្ពស់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានខិតខំរួមគ្នាជម្រុញសកម្មភាពការងារយុវជន ឲ្យចេះគោរពស្រឡាញ់និងមានជំនឿជឿជាក់មកលើបក្ស​ កែលម្អអាកប្បកិរិយា សីលអម៌ ឥតិយាបទរបស់ខ្លួនក្នុងការប្រាស្រ័យ ទាក់ទងនិងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋដោយមិនមានការរើសអើងព្រមទាំងបានប្រគល់ជូនប័ណ្ណសរសើរដល់អង្គភាពនិង បុគ្គលមានស្នាដៃ១៤១អង្គភាព/នាក់និងផ្តល់វត្ថុកំដរដៃដល់អ្នកចូលរួមជាង១០០០នាក់ ក្នុងម្នាក់ថវិកា២ម៉ឺនរៀល និងក្រម៉ា១ផងដែរ៕