(ពោធិ៍សាត់)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអប់រំគឺជាកត្តាសំខាន់ណាស់ ក្នុងការបង្កើនបាននូវធនធានមនុស្ស ហេតុនេះត្រូវផ្តោតការយក ចិត្តទុកដាក់ខ្ពស់ ដើម្បីឲ្យកូនចៅរបស់ប្រជាពលរដ្ឋយើង ទទួលបានសេវាការអប់រំគ្រប់កម្រិតសិក្សា ទាំងក្នុងនិងក្រៅប្រទេសសម្រាប់ អភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន ដូចបណ្តាប្រទេសនានា នៅលើពិភពលោក។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងសិក្សាស្វែង យល់អំពី ស្ថានភាពនិងជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូខេត្តពោធិ៍សាត់ជាង១០០០នាក់ នារសៀលថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៨ នៅ ស្នាក់ការធំអូរចំបក់ ស្ថិតក្នុងសង្កាត់ព្រៃញីក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោក លោកជំទាវ លោក លោកស្រី តំណាងរាស្ត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ គណអភិបាលរងខេត្តនិងមន្ត្រីអ្នកមុខ អ្នកការជាច្រើនទៀត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំនាក់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរា ជា ណាចក្រកម្ពុជា ដោយ បានចាត់ទុកថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយក្នុងវិស័យផ្សេងៗទៀត ព្រោះថាសង្គមជាតិ អភិវឌ្ឍន៍ រីកចម្រើនទៅបាន ទាល់តែមានធនធានមនុស្សគ្រប់គ្រាន់ ដូចនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានផ្តោតការ យក ចិត្តទុកដាក់បង្កើតឲ្យមានសាលារៀនគ្រប់ទីកន្លែងទូទាំងប្រទេស ងាយស្រួលដល់កូនចៅប្រជាពលរដ្ឋ សិក្សារៀនសូត្រ។
ធនធាន មនុស្សទាំងអស់ដែលបាននឹងកំពុងបម្រើការងារ រួមទាំងលោកគ្រូ អ្នកគ្រូផងដែរនោះម្នាក់ៗ នៅទូទាំងប្រទេសពិតជាបាន ឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងការសិក្សារៀនសូត្រតាំងពីមតេយ្យ បឋម រហូតដល់វិទ្យាល័យ មហាវិទ្យាល័យ បានក្លាយទៅ ជាធនធានមនុស្សប្រកបដោយគុណ ភាព ប្រសិទ្ធិភាព និងធ្វើឲ្យសិស្សនៅក្នុងប្រទេសកម្ពុជាជាច្រើនបានទទួលមេដាយ មាស ប្រាក់ សំរឹទ្ធិនៅលើសកលោក ដែល ប្រទេសអភិវឌ្ឍន៍មួយចំនួនមិនបានដូចប្រទេសយើងនោះឡើយ។ នេះគឺជាមោទនភាព ដ៏ខ្ពង់ខ្ពស់ របស់ប្រទេសកម្ពុជាយើងនិងពីសំណាក់ លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតដែរ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបង្រៀន ផ្ទេរចំណេះ ដឹងទាំងនេះទៅដល់កូនចៅប្រជាពលរដ្ឋ។ តែតទោះជាយ៉ាងនេះក៏ដោយក៏នៅមានអវិជ្ជមាន ត្រូវតែរួមគ្នាធ្វើ រួមគ្នាដោះស្រាយគិត គូ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យអប់រំនៅប្រទេសកម្ពុជា ដើរទាន់ជាមួយប្រទេសជិតខាងយើង។
លោក បានរំលឹកថា ស្របពេលដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍រីកចម្រើន ហើយក្នុងនោះប្រាក់បៀវត្សរបស់លោក គ្រូ អ្នកគ្រូទៅតាមនោះដែរដែលអាចធ្វើឲ្យជីវភាពធូរធាបានមួយកម្រិតនេះគឺអាស្រ័យដោយការខិតខំនិងយកចិត្តទុកដាក់គិតគូ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហេតុនេះសូមឲ្យលោកគ្រូ អ្នកគ្រនិងមន្ត្រីអប់រំទូទាំងខេត្តបន្តសកម្មភាពនេះកាន់តែមានភាពរលូន និងចូលរួមថែរក្សាសន្តិភាពស្ថេរភាពនិងសមិទ្ធិផលរបស់ជាតិនេះឲ្យបានគង់វង្សតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ឲ្យបានគ្រប់ៗគ្នាព្រោះថាការបោះឆ្នោតនេះ ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
នៅក្នុងខណនោះលោក បណ្ឌិត ហ៊ុន ម៉ាណែត បាននាំយកវត្ថុកំដរដៃជូនដល់លោកគ្រូ អ្នកគ្រូទូទាំងខេត្តដែលមានជាង៤ពាន់នាក់ក្នុងម្នាក់ថវិកា៥ម៉ឺនរៀល និងសៀវភៅកំណាព្យក្រុមងុយ១ក្បាលនិងបណ្ឌិត អូ ចុង ១ក្បាលផងដែរដែលជាអំណោយរបស់សម្តេចតេជោ៕