(ប៉ៃលិន)៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានបានអញ្ជើញពិនិត្យមើលផ្លូវ ១ខ្សែរ ប្រវែង ជាង ៦០០ម៉ែត្រ ដើម្បីគ្រោងបើកការដ្ឋាន កសាងផ្លូវបេតុងនាពេលឆាប់ៗខាងមុខនេះ ក្នុងការឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅភូមិបរឌិននៀវ និងភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានធ្វើផ្លូវបេតុងក្នុងភូមិ ១ខ្សែរនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សមិទ្ធផលនានាដែលកើតមានឡើង គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធិផលនានា ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ផ្តល់អំណោយមនុស្សធម៌ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ដោយមិនទុកបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការធ្វើផ្លូវ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះ ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ជាពិសេសចូលរួមអនាម័យបរិស្ថាននៅតាមដងផ្លូវ និងរស់នៅស្អាត ហូបស្អាត ហើយបើបងប្អូនមានបញ្ហាអ្វី សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីថ្នាក់ដឹកនាំធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា៕