(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តនេះ និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកភ្នំក្រវាញ ចំនួន៨៦៣នាក់ នៅស្នាក់ការគណបក្សស្រុក។
ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ប្រធានអនុសាខាសមាគមអតីតយុទ្ធជនកម្ពុជាស្រុកភ្នំក្រវាញរួចមក លោក ម៉ៅ ធនិន និងលោក ទី នរិន្ទ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹក គោរពស្រលាញ់ពីសំណាក់ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន។
ថ្នាក់ដឹកនាំទាំង២ បានចាត់ទុកបងប្អូនអតីតយុទ្ធជនជាវីរៈជនពិតប្រាកដ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ប្រសិនបើគ្មានការចូលរួមចំណែកពលីកម្ម ការពារសុខសន្តិភាពពីសំណាក់អ៊ុ ពូមី បងប្អូនទាំងអស់គ្នាទេនោះយើងទាំងអស់គ្នា ក៏ពុំអាចមានថ្ងៃនេះដែរ ដូច្នេះយើងត្រូវរួមគ្នាការពារសុខសន្តិភាព ដែលរកដោយលំបាកនេះ ឲ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយមិនឲ្យកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមវិញ បានឡើយ។ថ្នាក់ដឹកនាំទាំងទ្វេរ ក៏បានជម្រាបជូនអំពីសមិទ្ធផលកំពុងកើតមាន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ចំណងដៃជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់។
ថ្នាក់ដឹកនាំទាំង២ បានផ្តាំផ្ញើដល់សមាគមអតីតយុទ្ធជនគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់តាមដានពីជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន ជួយអន្តរាគមន៍ដោយស្រាយសំណូមពរឲ្យទាន់ពេលវេលា និងចេះរួម រស់ជាមួយគ្នាដូចគ្រួសារតែមួយ ក្រោមដំបូលតែមួយ និងក្រោមឆ័ត្រតែមួយ ព្រមទាំងបានអំពាវនាវ សូមឲ្យ អ៊ុ ពូមីបងប្អូនទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោកទីនរិន្ទបានបំពាក់មេដៃជានិមិត្តរូបមេដៃសំរិទ្ធ១០ និងមេដៃប្រាក់១០ និងបានចែកជូនវត្ថុកំដរដៃ ដល់អតីតយុទ្ធជនកម្ពុជា ទូទាំងស្រុកភ្នំក្រវាញចំនួន៨៦៣នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង១ ថវិកា៥ម៉ឺនរៀលផងដែរ៕