(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ និងផ្តល់ថ្នាំព្យាបាលជំងឺ ជូនពលរដ្ឋមកពីបណ្តាភូមិនានា ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ជាច្រើនរយនាក់ដោយឥតគិតថ្លៃ។

លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្នុងនាមសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានយក ចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខ ទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនោះបញ្ហានៃសុខុមាលភាព​របស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់បំផុត ដោយរាជរដ្ឋាភិបាល​ក្រោមការដឹកនាំរបស់សម្តេចតេជោ បានចាត់ទុក វិស័យសុខាភិបាល ជាវិស័យអាទិ៍ភាពខ្ពស់បំផុត។

លោកបានបន្តថា កម្ពុជាកំពុងមានការអភិវឌ្ឍនៅ លើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសុខាភិបាលផងដែរ ហើយបន្ថែមពីលើនេះ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ បានសម្រេចបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុម ដើម្បីចុះពិនិត្យ និងផ្តល់ថ្នាំព្យាបាលជំងឺជូនបង ប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា​ក្នុងទូទាំងប្រទេសដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ​លោកបានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ចេះការពារខ្លួនពីជំងឺផ្សេងៗ ដែលយើងអាចការពារបាន តាមរយៈ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត។

ទាក់ទងទៅនឹងការបោះឆ្នោត នាខែកក្កដាខាងមុខនេះ លោក កែវ ពិសិដ្ឋ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំងអស់ទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដោយលោកបានគូសបញ្ជាក់ថា ប្រសិនបើបងប្អូនខកខាន មិនបានទៅបោះឆ្នោតមានន័យថា បងប្អូនបានបោះបង់សិទ្ធិជាម្ចាស់ឆ្នោត ម្ចាស់អំណាចដ៏គួរឲ្យសោកស្តាយបំផុត៕