(កំពង់ស្ពឺ)៖ លោក សោម អូន សមាជិកគណៈកម្មាធិការធិការកណ្តាល សមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារ ចុះជួយឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន២៧៧នាក់ នៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
លោក សោម អូន ថ្លែងអំណគុណ និងស្វាគមន៍ចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តបោះបង់ចោលគណបក្សផ្សេង ហើយមកចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយតែមួយគត់ តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ។
លោក សោម អូន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជានាយករដ្ឋមន្ត្រី ដែលបានកើតចេញ ពីការតស៊ូដ៏អង់អាចក្លាហាន យកជីវិតធ្វើដើមទុន ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងបានឆ្លងកាត់សមរភូមិប្រយុទ្ឋចំនួន ១០៥លើក និងរបួស៥ដង ដែលគ្មានឥស្សរៈជន គណបក្សនយោបាយណាធ្វើបាន រឺមានដូចទេ ។
លោកបានបន្ថែមថា មិនត្រឹមតែបានរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព និងបានរំលត់ភ្លើង សង្គ្រាម សុីវិលរ៉ាំរៃដោយជោគជ័យ តាមរយៈនយោបាយឈ្នះ-ឈ្នះ។
ប្រធានក្រុមការងារ ចុះជួយឃុំសំបូរ ស្រុកសំរោងទង រូបនេះ បានបញ្ជាក់ថា អ្វីៗ ដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ឋិផល នៃមរតកសុខសន្តិភាព និង ការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា ។
លោក សោម អូន បានបញ្ជាក់ទៀតថា យើងទាំងអស់គ្នា ពិតជាមានមោទនភាព ដែលបានក្លាយជាសកម្មជន និងសមាជិកនៃគណបក្សនយោបាយដ៏ធំមួយនេះ និងសូមអំពាវនាវដល់សមាជិកសមាជិកា និង ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានច្រើនកុះក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ និងបន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនគ្រប់វិស័យបន្ថែមទៀត៕