(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងថា អ្នកដែលមិនបានទៅបោះឆ្នោត មិនមានទោស តែអ្នកដែលរារាំងគេ មានចេតនាមិនឲ្យប្រជាជនទៅបោះឆ្នោត អ្នកនោះត្រូវមានទោស។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ប៉ា សុជាតិវង្ស អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកបក្ស សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រមាណជាង១,០០០នាក់ នាព្រឹកទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោកបានបញ្ជាក់ទៀតថា ប៉ុន្តែគ្រាន់តែយើង ក្បត់មនសិការយើង មិនបានទៅបោះ មានន័យថា យើងមិនបានចូលរួមការពារសន្តិភាព យើងមិនបានចូលរួមទប់ស្កាត់សង្គ្រាម ព្រោះទៅបោះឆ្នោត បញ្ជាក់ថា យើងស្អប់សង្គ្រាម យើងស្រឡាញ់សន្តិភាព យើងចង់ជ្រើសរើស អ្នកដឹកនាំតាមរយៈការបោះឆ្នោត មិនមែនតាមរយៈចុងកាណុងទៀតទេ។ នេះជាការប្តេជ្ញាចិត្តរបស់យើង តែបើយើងមិនបានទៅ វាជាការសោកស្តាយ។
លោក ប៉ា សុជាតិវង្សបន្តថា «ពីមុនមក ការបោះឆ្នោតមិនដែល បាន១០០ភាគរយដែរ ប៉ុន្តែលើកនេះ បើសិនមិនទៅ មូលហេតុដោយសារចាញ់ ឃោសនារបស់ សម រង្សុី។ នេះជាបញ្ហាខុសឆ្គង។ ឥឡូវឧបាយកល មហិច្ឆិតាអំណាចរបស់ សម រង្សុី កាន់តែចេញក្រឡាសាហើយ»។
លោកថា គេមិនមែននិយាយ គ្រាន់តែប្រឆាំងរាជរដ្ឋាភិបាលទេ តែគេហ៊ានប្រឈមទៅនឹង ជាមួយព្រះមហាក្សត្រ ប្រឆាំងមហាក្សត្រ ស្មើនឹងការប្រឆាំងនឹងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។នេះកាន់បង្ហាញសារជាតិ ពិសពុលរបស់ សម រង្សុី នូវអំពើក្បត់ជាតិ ក្បត់ប្រទេសរបស់ខ្លួន ។ នេះយើងមិននិយាយពីការកាត់ដីខ្មែរ៤ខេត្ត ឲ្យទៅវៀតណាមផងទេ។
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បន្តទៀតថា ការបោះឆ្នោតលើកនេះ យើងសង្ឃឹមមិនមានសង្គ្រាមពាក្យសម្តីទៀតទេ យើងត្រូវគោរពលក្ខខណ្ឌឃោសនាបានល្អ។ យើងចាំបាច់ត្រូវ សិក្សាអំពីគណបក្សណា គោលនយោបាយគេយ៉ាងម៉េច ហើយយើងសង្ឃឹមថា គេអាចការពារសន្តិភាពបាន ទប់ស្កាត់ជាមួយនឹងការជ្រៀតជ្រែក របស់បរួេសបានទេ គេមានសមត្ថភាពសម្រាប់ដឹកនាំប្រទេសបានទេ?
លោកបន្ថែមថា បើយើងបោះឆ្នោតដោយស្រមើស្រមៃ បោះមិនបានគិតដិតដល់ មិនបានពិចារណា ស្មើនឹងអំពើអត្តឃាត ស្មើនឹងការបំផ្លាញសេចក្តីសុខរបស់គ្រួសារ ក៏ដូចសេចក្តីសុខប្រទេសជាតិ វានឹងបាត់បង់នូវសន្តិភាព ។ ចឹងទេ ការប្រមើល២០គណបក្ស គឺត្រូវមើលអោយបានច្បាស់អំពីប្រវត្តិ អំពីធនធានមនុស្ស អំពីរចនាសម្ព័ន្ឋ ។
ដោយឡែកសម្រាប់គណបក្សប្រជាជន អំពូមីងបងៗ ខ្ញុំជឿជាក់ថា យើងជាសមាជិកគណបក្ស ដូច្នេះច្បាស់លាស់ យើងគ្មានអល់ឯកជាមួយនឹងកសរសម្រេចចិត្តជាថ្មីទេ យើងត្រូវបន្តគាំទ្រគណបក្សប្រជាជនយើងត្រូវទៅ បោះឆ្នោតទាំងអស់គ្នា បោះឲ្យចំគណបក្សប្រជាជន នៅលេខរៀងទី២០ ដើម្បីបានសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី បន្តដឹកនាំនូវអាណត្តិទី៦នេះ និងបន្តអាណត្តិទៅមុខទៀត ដើម្បីធានាថា កម្ពុជាសន្តិភាព និងបន្តអភិវឌ្ឍន៍ ៕