(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវបេតុង ០១ ខ្សែ និងសមិទ្ធផលនានា នៅក្នុងវត្តទួលគគីរ ដែលរួមមានសាលាឆាន់ កុដិ របង ផ្លូវ និងទីធ្លាក្នុងវត្ត ស្ថិតនៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោក វង្សី វិស្សុត បានមានប្រសាសន៍ថា សមិទ្ធផលខាងលើនេះ គឺជាចំណងដៃថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បីជាការដឹងគុណដល់បងប្អូនប្រជាពលរដ្ឋឃុំឫស្សីជ្រោយ នៃស្រុកមុខកំពូល ដែលតែងតែបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នៅក្នុងគ្រប់ការបោះឆ្នោតកន្លងមក។
លោកសង្ឈឹមយ៉ាងមុតមាំថា ឃុំឫស្សីជ្រោយ នឹងនៅតែមូលដ្ឋានគាំទ្រ ដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា គ្មានថ្ងៃប្រែប្រួលឡើយ។ លោកបានលើកឡើងថា សមិទ្ធផលខាងលើនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញផងដែរ អំពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ក៏ដូចជានៅក្នុងឃុំឫស្សីជ្រោយរបស់យើង។ ជាក់ស្តែង នៅក្នុងរយៈពេល ០៥ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលបានបង្កើតនូវឱកាសរកប្រាក់ចំណូល និងការងារជូនដល់ប្រជាពលរដ្ឋទូទៅ, មន្រ្តីរាជការ, កម្មករ និងកសិករឱ្យមានជីវភាពកាន់តែធូរធា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈ៖ ការបញ្ចុះថ្លៃថាមពលអគ្គិសនី និងទឹកស្អាត, ការលុបចោលនូវការយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួន, ការបន្ធូបន្ថយពន្ធ និងអនុគ្រោះពន្ធចំពោះអាជីវកម្មតូចតាច និងអ្នកមានចំណូលទាប, ការទទួលបាននូវរបបគាំពារសង្គមមួយចំនួន ដូចជាការទទួលបាននូវសេវាព្យបាលជំងឺដោយឥតគិតថ្លៃចំពោះប្រជាពលរដ្ឋក្រីក្រជាដើម ព្រមទាំងការដាក់ចេញនូវវិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីទប់ស្តាត់ការឡើងថ្លៃទំនិញមួយចំនួន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានប្រមូលពន្ធកាន់តែច្រើនពីអ្នកមានចំណូលខ្ពស់ ដើម្បីយកមកធ្វើការបែងចែកនូវធនធាននេះឡើងវិញ សម្រាប់ធ្វើការដំឡើងប្រាក់ខែជូនមន្រ្តីរាជការ, ការពង្រីក និងកែលំអរគុណភាពសេវាសាធារណៈ ព្រមទាំងការវិនិយោគលើកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារដ្ឋាភិបាលរបស់ប្រជាជនកម្ពុជាទាំងមូល ហើយរដ្ឋាភិបាលនេះតែងនៅជាប់ជាមួយនឹងប្រជាជន និងបានបម្រើប្រជាជនក្នុងគ្រប់កាលៈទេសៈ ហើយមិនចេះភូតភរ, និងមិនពូកែសន្យា តែពូកែធ្វើ ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង និងពិតៗដល់ប្រជាជន។
លោក វង្សី វិស្សុត ក៏បានសម្តែងនូវការកោតសរសើរចំពោះព្រះតេជគុណព្រះគ្រូចៅអធិការវត្តទួលគគីរ គណៈកម្មការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងនូវសមិទ្ធផលនានាជាបន្តបន្ទាប់ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមបរិចាគនូវធនធាន ដោយសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានានៅក្នុងទីអារាមនេះ ក្នុងរង្វង់ទឹកប្រាក់រហូតទៅដល់ជាង ៣០ម៉ឺនដុល្លារអាមេរិក។ ការរីកចម្រើននៅវត្តទួលគគីរនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសរបស់យើងកាន់តែមានការអភិវឌ្ឍរីកចម្រើន, សេដ្ឋកិច្ចជាតិរបស់យើងក៏កាន់តែលូតលាស់ជឿនលឿន ហើយបងប្អូនប្រជាពលរដ្ឋរបស់យើងកាន់តែមានប្រាក់ចំណូលខ្ពស់ជាងមុន និងមានជីវភាពធូរធាជាងមុន។
លោកបានបន្តថា ការអភិវឌ្ឍរីកចម្រើនដែលកម្ពុជាយើងសម្រេចបានមកទល់នឹងសព្វថ្ងៃនេះ គឺដោយសារកត្តាសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ដូចនេះ ប្រជាពលរដ្ឋខែ្មរយើងគ្រប់រូប ត្រូវតែចេះរួបរួមគ្នា ថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សជានិច្ចនិរន្តតទៅ ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរម្យនារបស់សង្គមជាតិខ្មែរយើង!។
លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឱ្យមានការយកចិត្តទុកដាក់ខ្ពស់ដល់ការគ្រប់គ្រងការអភិវឌ្ឍនៅមូលដ្ឋានឱ្យបានល្អ ពិសេសបញ្ហាលូទឹក និងសំរាម និងត្រូវការពារថែរក្សាឱ្យបានដាច់ខាតនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋគ្រប់ប្រភេទ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំទាន់អាលលក់ដីធ្លីរបស់ខ្លួន ប្រសិនបើមិនមានតម្រូវការចាំបាច់ និងបានសំណូមពរដល់បងប្អូនសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ពិសេសត្រូវចេះប្រើប្រាស់កម្ចីនេះឱ្យបានត្រឹមត្រូវ ហើយកុំជឿការឃោសនាកុហកភូតភរបោកប្រាស់របស់ជនណាដែលថា នឹងលុបបំណុលជូនបងប្អូនឱ្យសោះ។ ជាមួយគ្នានេះដែរ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ចូនកូនចៅទៅសិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យពួកគេមានចំណេះវិជ្ជាជ្រៅជ្រះ ហើយអាច ទទួលបានការងារធ្វើល្អ, មានប្រាក់ចំណូលខ្ពស់ និងមានជីវភាពធូរធារនៅថ្ងៃអនាគត។
នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី ដែលជាជម្រើសតែមួយគត់ នៅក្នុងការរក្សាបាននូវសន្តិភាព, ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេស ពិសេសដើម្បីការឈានឡើងរបស់កម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕