(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាដបញ្ជូលសមាជិកគណបក្សថ្មី ចំនួន៣៣៣នាក់ របស់សាខាបក្សមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានប្រាប់ទៅកាន់សមាជិកថ្មីទាំងអស់ថា បានដាស់តឿនឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា ហើយត្រូវប្រាប់អំពីសារៈសំខាន់នៃការបោះឆ្នោត ដើម្បីឲ្យពលរដ្ឋ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ក្រោមដំបូលនៃសន្តិភាព ស្ថិរភាពជាតិ កំណើនសេដ្ឋកិច្ចជាតិ មានការកើនឡើងជាបន្តបន្ទាប់ ដោយសារគណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយដឹកនាំត្រឹមត្រូវ បានប្រែក្លាយគោលនយោបាយ គណបក្សប្រជាជនកម្ពុជា មកជាគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីនេះដែរ លោកប្រធានគណបក្សខេត្ត បាននាំយកថវិការបស់សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ជូនសមាជិកទាំង៣៣៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕